ការសាងសង់​ផ្លូវជាតិ​លេខ​៥ មាន​ប៉ុន្មាន​កំណាត់?

  • 2018-03-26 07:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ស្ថាបនា​ផ្លូវជាតិ​លេខ​៥ ដែល​ពង្រីក​ពី២​គន្លង ទៅ៤​គន្លង​គឺមាន​៥​កំណាត់​រួមមាន៖ ១. ភ្នំពេញ-ព្រែកក្តាម ២. ព្រែកក្តាម-ធ្លាម្អម ៣. ធ្លាម្អម-បាត់ដំបង ៤. បាត់ដំបង-សិរីសោភ័ណ និង​៥. ពី​សិរី​សោភ័ណ្ឌ ទៅ​ប៉ោយប៉ែត (ព្រំដែន​កម្ពុជា-ថៃ)។

ផ្លូវជាតិលេខ៥ ពីភ្នំពេញ-ព្រែកក្តាម
សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​កំណាត់​ផ្លូវ​ពី​បាត់ដំបង ទៅក្រុង​សិរីសោភ័ណ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៨​ថា ផ្លូវពី​ភ្នំពេញ​ទៅ​ព្រែកក្តាម ត្រូវ​បាន​សាងសង់​បញ្ចប់​ហើយ ដោយ​ឡែក​ផ្លូវ​ព្រែកក្តាម ទៅដល់​ព្រំដែន​កម្ពុជា-ថៃ គឺ​ជប៉ុន​ជាអ្នក​ផ្តល់​ជំនួយ​សម្រាប់​ការ​សាងសង់។

សូម​ជម្រាប​ថា គម្រោង​សាងសង់​កំណាត់ផ្លូវ​ជាតិ​លេខ៥ ដំណាក់ទី​១ ចាប់ពី​បាត់ដំបង ទៅ​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ មាន​ប្រវែង ៨៤,៧៤​គីឡូម៉ែត្រ ចំណាយ​ថវិកា​ជាង ១៨៥លាន​ដុល្លារ។ ការ​សាងសង់​គឺ​មាន​រយៈពេល ៣៦​ខែ ចាប់ផ្តើម​ពីខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​គ្រោង​បញ្ចប់​នៅខែ​មីនា ឆ្នាំ​២០២០។

គួរ​រម្លឹក​ថា កាលពី​ថ្ងៃទី១០ ខែ​មករា ឆ្នាំ​២០១៨ ក្រសួង​សាធារណការ បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ជប៉ុន លើ​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើងវិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ៥ ពី​ព្រែកក្តាម ទៅ​ធ្លាម្អម ខេត្ត​ពោធិ៍សាត់ ប្រវែង ១៣៥,២៥​គីឡូម៉ែត្រ។ ការ​សាងសង់​កំណាត់​ផ្លូវ​នេះ ត្រូវ​ចំណាយ ២៤៦,៣៥លាន​ដុល្លារ ដោយ​ប្រើ​រយៈពេល៤​ឆ្នាំ។ សម្តេច​ ហ៊ុន សែន នឹង​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​កំណាត់ផ្លូវ​ដែល​ជា​ដំណាក់កាល​ទី២​នេះ នៅ​ខែ​ឧសភា​ខាងមុខ។

ដោយឡែក​កំណាត់ផ្លូវ​ជាតិ​លេខ៥ ចាប់ពី​ធ្លាម្អម​ដល់​បាត់ដំបង និង​កំណាត់​ផ្លូវ​ពី​សិរី​សោភ័ណ ទៅ​ប៉ោយប៉ែត ប្រវែង​សរុប ១៤៩​គីឡូម៉ែត្រ ត្រូវបាន​សម្តេច​នាយករដ្ឋមន្រ្តី​បញ្ជាក់​ថា គឺជា​ដំណាក់កាល​សាងសង់​ក្នុងផ្នែក​កណ្តាល (ផ្នែកទី៣) និង​ផ្នែក​បញ្ចប់។ ដូច្នេះ​ផ្លូវពី​ភ្នំពេញ ដល់​ប៉ោយប៉ែត (ព្រំដែន​កម្ពុជា-ថៃ) គឺមាន​ប្រវែង​សរុប ៤០០​គីឡូម៉ែត្រ។

ក្រសួង​សាធារណការ ឲ្យ​ដឹង​ថា ផ្លូវ​ជាតិ​លេខ៥ គឺជា​ផ្លូវ​យុទ្ធសាស្ត្រ​យ៉ាង​សំខាន់ ជា​ផ្លូវ​អាស៊ាន​ហាយវេ​លេខ១ ហើយ​ក៏ជា​ផ្លូវ​របៀង​សេដ្ឋកិច្ច​កើត-លិច​ទី២​ដ៏​សក្ដានុពល សម្រាប់​ប្រកួត​ប្រជែង​ពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារ​កម្ម វិនិយោគ និង​សេដ្ឋកិច្ច​នៃ​មហា​តំបន់​មេគង្គ GMS ដែល​តភ្ជាប់​រវាង​ បាកក-ភ្នំពេញ-ហូជីមិញ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;