៧ចំណុច ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍នៅភ្នំពេញ
- 2018-03-31 08:59:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ចំណុច ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍នៅភ្នំពេញ
ចន្លោះមិនឃើញ
មូលហេតុធំ ចំនួន ៧ ដែលបណ្ដាលឲ្យមានការកកស្ទះ នៅរាជធានីភ្នំពេញ នាពេលសព្វថ្ងៃនេះ ត្រូវបានលោក ស៊ាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សារបស់ក្រុមការងាររៀបចំ កែលម្អ និងដោះស្រាយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ។
មូលហេតុទាំង ៧ចំណុច ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ រួមមាន៖
ទី១- ខ្វះការចូលរួមពីប្រជាពលរដ្ឋក្នុងការគោរពច្បាប់ចរាចរណ៍ និងការអនុវត្តច្បាប់របស់សមត្ថកិច្ចនៅមានការយោគយល់ច្រើន
ទី២- កង្វះប្រព័ន្ធដឹកជញ្ជូនសាធារណៈ
ទី៣- កង្វះខាតនូវការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវក្រវាត់ក្រុង
ទី៤- ការគ្រប់គ្រងចំណីផ្លូវមិនបានត្រឹមត្រូវ ដែលបង្កឲ្យមានសង់រោងបុណ្យ រោងការ និងការលក់ដូរលើចិញ្ចើមផ្លូវ
ទី៥- កង្វះខាតចំណតរថយន្តក្រោមដី និងលើអាកាស
ទី៦- ម៉ោងធ្វើការដូចគ្នា គឺម៉ោងចេញ និងចូលដូចគ្នាទាំងរដ្ឋ និងឯកជន
ទី៧- រថយន្តធុនធ្ងន់នៅតែបន្តចេញចូល ក្នុងខណ្ឌទាំង ១២ របស់រាជធានីភ្នំពេញ ដែលមានការកកស្ទះចរាចរណ៍ខ្លាំង ជារៀងរាល់ថ្ងៃ គឺមាន ១៨២ គោលដៅ ដែលភាគច្រើន នៅតំបន់ផ្សារ។
លោក ស៊ាំ ពិសិដ្ឋ បានបញ្ជាក់ថា ផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញ មាន ១៨៨៣ គីឡូម៉ែត្រ ក្នុងនោះ ២០ភាគរយ មិនទាន់មានផ្លូវកៅស៊ូ។ ចំណែកផ្លូវបេតុង ដែលមានប្រវែង ៤០០គីឡូម៉ែត្រ ពិសេសផ្លូវនៅជាយក្រុង ដែលមិនសូវមានប្រជាពលរដ្ឋរស់នៅ។ រីឯតាមផ្លូវសំខាន់ៗ ត្រូវបានដាក់ភ្លើងស្តុបថ្មី បានជិត ១០០ កន្លែងហើយ ក្នុងគម្រោងដាក់ភ្លើងស្តុបថ្មីចំនួន ១១៥ ទីតាំង។ ចំពោះស្លាកសញ្ញាចរាចរណ៍ មានជិត ១៥ ០០០ ស្លាកហើយ។
យោងតាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បង្ហាញថា បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មានយានយន្តចំនួន ២លាន ៨ម៉ឺនគ្រឿង ក្នុងនោះ ម៉ូតូជាង ១លាន ៦សែនគ្រឿង និងរថយន្តជាង ៤៨ ម៉ឺនគ្រឿង ដែលកំពុងធ្វើដំណើរលើដងផ្លូវជារៀងរាល់ថ្ងៃ៕