តម្លៃ​ម្រេច​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ខណៈ​រដូវ​​ប្រមូល​ផល​ត្រូវ​អូស​បន្លាយ​យូរ​ជាង​មុន

  • 2018-04-06 08:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​សហគមន៍​ម្រេច​សរីរាង្គ​គគីរ​មេមង ដែល​ស្ថិត​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ លោក ភុំ សុវឌ្ឍន់ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ កសិករ​ដាំ​ម្រេច​ក្នុង​សហគមន៍​របស់​លោក​ជួប​ប្រទះ​បញ្ហា​ធំ​២​គឺ​ ការ​ធ្លាក់​ចុះ​ទិន្នផល​បង្ក​ឡើង​ដោយ​ការ​ប្រែ​ប្រួល​អាកាសធាតុ និង​បញ្ហា​តម្លៃ​ម្រេច​ថោក​ពិបាក​រក​ទីផ្សារ​លក់​ចេញ។

ម្រេចខៀវ
លោក​​​បាន​និយាយ​ថា​ម្រេច​ធ្លាប់​តែ​លក់​បាន​យ៉ាង​តិច​បំផុត​ក៏​ជាង ២​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម​នោះ ត្រូវ​ធ្លាក់​មក​នៅ​ត្រឹម​ជាង ១​ម៉ឺន​រៀល ហើយ​ស្ទើរ​តែ​គ្មាន​ឈ្មួញ ឬ​ក្រុមហ៊ុន​បញ្ជា​ទិញ​ទៅ​ទៀត។ លោក​ព្រួយ​បារម្ភ​ថា នៅ​រដូវ​ប្រមូល​ផល​ខាង​មុខ តម្លៃ​នេះ​អាច​នឹង​​ធ្លាក់​ចុះ​ទៀត​ក៏​ថា​បាន ព្រោះ​កសិករ​នឹង​សម្រុក​លក់​ម្រេច​របស់​ខ្លួន។

ប្រធាន​សហគមន៍​រូប​នេះ អះអាង​ថា តម្លៃ​ជាង ៣​ដុល្លារ​ក្នុង​១​គីឡូក្រាម​នេះ បើ​ក្នុង​ករណី​កសិករ​ធ្វើ​ដោយ​ខ្លួន​ឯង គឺ​កសិករ​អាច​នៅ​ចំណេញ​បាន​បន្តិច​បន្តួច តែ​បើ​ប្រើ​កម្លាំង​ពលកម្ម​ជួល​គេ​វិញ គឺ​​ពួក​គាត់​នឹង​មិន​ចំណេញ​អ្វី​ឡើយ។ លោក​បញ្ជាក់​ថា តម្លៃ​ម្រេច​ចុះ​ថោក​ខ្លាំង​នេះ បាន​កើត​ឡើង​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​កសិករ​ជា​ច្រើន​ត្អូញត្អែរ និង​ខាត​បង់​ប្រាក់​ចំណូល។

ប្រធាន​សហគមន៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា ការ​បង្កបង្កើន​ផល​ម្រេច​នៅ​ឆ្នាំ​នេះ ក៏​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ខ្លាំង​រឿង​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ គឺ​រដូវ​ប្រមូល​ផល​ត្រូវ​អូស​បន្លាយ​រហូត​ដល់​ទៅ​​២​ខែ។ លោក​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​មុនៗ ម្រេច​ពេញ​ប្រមូល​ផល​នៅ​អំឡុង​ខែ​មេសា ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ដល់​ខែ​មេសា​ទៅ​ហើយ ម្រេច​ទើប​តែ​ប្រមូល​ផល​បាន​ប្រហែល​ ២០​% ប៉ុណ្ណោះ។ ដូច្នេះ​រដូវ​ប្រមូល​ផល នឹង​ត្រូវ​អូស​បន្លាយ​ដល់​ខែ​ឧសភា និង​មិថុនា​ខាង​មុខ។

លោក​ ភុំ សុវឌ្ឍន់ ថ្លែង​ថា បញ្ហា​ប្រឈម​ទាំង​នេះ​មិន​មែន​កើត​មាន​តែ​សម្រាប់​​សហគមន៍​របស់​លោក​នោះ​ទេ ពោល​គឺ​កសិករ​អ្នក​​ដាំ​ម្រេច​នៅ​តំបន់​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​សុទ្ធ​សឹង​តែ​ជួប​ប្រទះ​បញ្ហា​ទាំង​នេះ​ដូច​គ្នា។

ម្រេចក្រហម

ចំណែក​អ្នក​ជំនាញ​ខាង​កសិកម្ម​ បណ្ឌិត យ៉ង សាំងកុមារ កត់​សម្គាល់​ថា តម្រូវ​ការ​ម្រេច​នៅ​លើ​ទីផ្សារ​ពិភព​លោក​នៅ​តែ​ច្រើន​ដដែល ក៏​ប៉ុន្តែ​ម្រេច​ដែល​កម្ពុជា​ផលិត​បាន​ភាគ​ច្រើន​ មិន​បាន​នាំ​ទៅដល់​ទីផ្សារ​អន្តរជាតិ​នោះ​ឡើយ​។

លោក​បន្ត​ថា ទីផ្សារ​ធំ​បំផុត​របស់​ម្រេច​កម្ពុជា​ គឺ​​វៀតណាម ហើយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វៀតណាម​ផលិត​ម្រេច​លើស​ពី​តម្រូវ​ការ​ ដូច្នេះ​វៀតណាម​បាន​កាត់​បន្ថយ​ការ​ទិញ​ម្រេច​ពី​កសិករ​កម្ពុជា ហេតុ​ដូច​នេះ​ហើយ​ទើប​ម្រេច​កម្ពុជា​ជួប​ប្រទះ​បញ្ហា​ទីផ្សារ និង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ដូច្នេះ។

លោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​លូក​ដៃ​ធ្វើ​អន្តរាគមន៍​រឿង​នេះ​ទោះ​ក្នុង​កម្រិត​ណា​ក៏​ដោយ ដើម្បី​កុំ​ឱ្យ​ប្រជា​កសិករ និង​ផលិតករ​ម្រេច បាក់​ទឹក​ចិត្ត​បោះបង់​ចោល​ការ​ដាំដុះ​ដំណាំឧស្សាហកម្ម​មួយ​នេះ។

សូម​រម្លឹក​ថា កាល​ពី​ឆ្នាំ​២០១៧ កន្លងទៅ​ ផ្ទៃ​ដី​ដាំ​ដុះ​ម្រេច​នៅ​ទូ​ទាំង​ប្រទេស​​ មាន​ចំនួន​ជាង ៦​ពាន់​ហិចតា ដែល​ផ្ដល់​​ផល​សរុប​ជាង ២​ម៉ឺន​តោន៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;