នាយករដ្ឋមន្ត្រី​អង់គ្លេស កោះ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ជា​ពិសេស ពិភាក្សា​ពី​ចំណាត់ការ​យោធា​លើ​ប្រទេស​មួយ

  • 2018-04-12 08:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី Theresa May នាយករដ្ឋមន្រ្តី​អង់គ្លេស នៅ​ថ្ងៃ​ទី១២ ខែ​មេសា ២០១៨​នេះ បាន​កោះ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ជាពិសេស ដើម្បី​ពិភាក្សា​ពី​ការ​ចូលរួម​ជាមួយ​អាមេរិក និង​បារាំង ក្នុង​ការ​ប្រើប្រាស់​វិធានការ​យោធា​រួម​គ្នា​មួយ ទៅ​លើ​ប្រទេស​ស៊ីរី ដែល​សង្ស័យ​ថា បាន​ប្រើប្រាស់​ឧស្ម័ន​ពុល​សម្លាប់​ជន​ស៊ីវិល។

លោកស្រី Theresa May នាយករដ្ឋមន្រ្តី​អង់គ្លេស
ការ​កោះ​ប្រជុំ​គណៈរដ្ឋមន្រ្តី​របស់​អង់គ្លេស​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​បញ្ជាក់​ប្រាប់​ទៅ​ប្រទេស​រុស្ស៊ីថា អាមេរិក​នឹង​ប្រើប្រាស់​កម្លាំង​យោធា វាយប្រហារ​ទៅ​លើ​ប្រទេស​ស៊ីរី។

ចំណែក​សារព័ត៌មាន BBC បាន​រាយការណ៍​ថា លោកស្រី May បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ចូលរួម​ធ្វើ​ប្រតិបត្តិការ​យោធា​មួយ ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ស៊ីរី ដោយ​មិន​ចាំបាច់​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​សភា​អង់គ្លេស​នោះ​ទេ។

រីឯ​សារព័ត៌មាន Telegraph ក៏​បាន​រាយការណ៍​ដែរ​ថា លោកស្រី May បាន​បញ្ជា​នាវា​មុជ​ទឹក​របស់​អង់គ្លេស ចល័ត​ដោយ​មាន​ទាំង​មីស៊ីល ទៅ​កាន់​ប្រទេស​ស៊ីរី ក្នុង​គោល​បំណង​ត្រៀម​ខ្លួន​ឲ្យ​រួចរាល់ សម្រាប់​ការ​វាយ​ប្រហារ​លើ​ប្រទេស​ស៊ីរី៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;