ទីតាំង​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា-ថៃ នឹង​ត្រូវ​បើក​កន្លែង​ថ្មី​១ទៀត ដើម្បី​បំពេញ​តម្រូវការ​ពលរដ្ឋ

  • 2018-04-20 07:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​នៃ​សាលា​ខេត្ត​បាត់​ដំបង នឹង​បើក​ទី​តាំង​​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ១​កន្លែង​ទៀត នៅ​ក្នុង​ស្រុក​សំពៅលូន ដើម្បី​បំពេញ​តម្រូវ​ការ​ពលរដ្ឋ ខណៈ​ពួក​គាត់​កំពុង​សម្រុក ទៅ​ធ្វើ​នៅ​សាលា​ខេត្ត កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង និង​មាន​ការ​កកស្ទះ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង​ខេត្ត​បាត់​ដំបង បាន​មាន​ប្រសាសន៍​ថា ទី​តាំង​​គ្រោង​បើក​បន្ថែម នៅ​ស្រុក​សំពៅលូន​នោះ ធ្វើ​នៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ ហើយ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋ អាច​ទៅ​ធ្វើ​នៅ​ទី​នោះ​​បាន ដោយ​មិន​ចាំបាច់​មក​ធ្វើ​ដល់​សាលា​ខេត្ត​ទេ។

លោក​បន្ត​ថា គម្រោង​នេះ នឹង​បើក​នា​ពេល​ឆាប់ៗ​ខាង​មុខ ដោយ​បច្ចុប្បន្ន​រដ្ឋបាល​ខេត្ត​កំពុង​រៀបចំ​ឲ្យ​មន្ត្រី​ជំនាញ​ទៅ​បណ្ដុះ​បណ្ដាល​មន្ត្រី​នៅ​ស្រុក​សំពៅលូន​ជា​មុន​សិន ទើប​ចូល​ធ្វើ​ការ​ងារ​នេះ​បាន ហើយ​មន្ត្រី​ទាំង​អស់​នោះ ត្រូវ​ធ្វើ​ការ​តាម​ប្រព័ន្ធ​កុំព្យូទ័រ ។

បន្ថែម​ពី​លើ​នេះ​ទៀត អភិបាលរង​ខេត្ត​ថា មុន​នឹង​អាច​ធ្វើ​ប័ណ្ណ​នេះ​បាន ទាល់តែ​មាន​ឯកសារ​៣ គឺ​អត្ត​សញ្ញាណ​ប័ណ្ណ សៀវភៅ​គ្រួសារ និង​សំបុត្រ​កំណើត ហើយ​ចំណាយ ២​ម៉ឺន​រៀល ទើប​អាច​ចូល​ទៅ​ថៃ ត្រឹម​ខេត្ត​ត្រាត ខេត្ត​ច័ន្ទបុរី និង​ខេត្ត​ស្រះកែវ មាន​សុពលភាព​ត្រឹម​៧​ថ្ងៃ ពេល​ត​មិន​ចាំបាច់​មក​ដល់​សាលា​ខេត្ត​នោះ​ទេ​អាច​ធ្វើ​តាម​ព្រំដែន​បាន ហើយ​អាច​ប្រើ​ប្រាស់​បាន​ចំនួន​២ឆ្នាំ ។

លោក សឿម ប៊ុនរិទ្ធិ បាន​បញ្ជាក់​ថា ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​នេះ ប្រើ​ប្រាស់​ខុស​ពី​លិខិត​ឆ្លងដែន ព្រោះ​បើ​ចូល​តាម​ច្រក​ណា ត្រូវ​ចេញ​មក​វិញ​តាម​ច្រក​នោះ មិន​ដូច​លិខិត​ឆ្លងដែន បើ​ជិះ​យន្តហោះ​ទៅ​ហើយ​អាច​ជិះ​រថយន្ត​ចេញ តាម​ច្រក​ណា​មួយ​​ក៏​បាន ។

គួរ​បញ្ជាក់​ថា ពី​ថ្ងៃ​ទី៧ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៨ មាន​ពលរដ្ឋ​មក​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ចំនួន​៦៤៥១​នាក់៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;