អភិបាល​រាជធានី ជំរុញ​ឲ្យ​ដោះស្រាយ​ផល​ប៉ះពាល់​នៅ​តំបន់២ ដើម្បី​ឆាប់​បាន​សង់​ស្ពាន​អាកាស

  • 2018-04-26 06:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំ​រុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​ដោះស្រាយ​ផល​ប៉ះពាល់​នៅ​តំបន់​ក្បាលថ្នល់ និង​រង្វង់មូល​ចោមចៅ ​​ឱ្យបាន​លឿន​បំផុត​តាម​ដែល​អាចធ្វើ​បាន​ ដើម្បី​ឈាន​ដល់​ការ​​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ទាំងពីរ​នេះ ​នាពេល​ដ៏​ខ្លី​ខាង​មុខ និង​ជួយ​សម្រួល​ការ​កកស្ទះ​ចរាចរណ៍។ ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុង​ប្រជុំ​ពិភាក្សា​ជាថ្មី​ម្តងទៀត​ពាក់ព័ន្ធ​នឹង​ការដ្ឋាន​នៃ​ការស្ថាបនា​ស្ពាន​អាកាស​ទាំង​២ កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៨។

កិច្ចប្រជុំពិភាក្សា១ ស្តីពីការស្ថាបនា​ស្ពានអាកាសនៅតំបន់ក្បាលថ្នល់ និងរង្វង់មូលចោមចៅ។ រូបថត៖ FB រដ្ឋបាលរាជធានីភ្នំពេញ
​លោក ម៉េ​ត មាស​ភក្តី អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹង​ថា បើ​តាម​គម្រោង​ការដ្ឋាន​សង់ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ គ្រោង​នឹង​ចំណាយពេល​ប្រមាណ​២០​ខែ ដើម្បី​ស្ថាបនា​ឱ្យ​រួចរាល់។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ស្ថានភាព​ចរាចរណ៍ នៅ​ចំណុច​រង្វង់​មូល​ចោមចៅ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ ចំពោះ​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ និង​មហាវិថី​សហព័ន្ធរុស្ស៊ី ចូលមក​រាជធានី​ភ្នំពេញ ក៏មាន​ការ​កកស្ទះ​ច្រើន​ផងដែរ។

រូបគំរូស្ពានអាកាសនៅចំណុចរង្វង់មូលចោមចៅ

ចំណែក​ស្ពាន​អាកាស​១ទៀត គឺ​អាជ្ញាធរ​គ្រោង​នឹង​សាងសង់​នៅ​ច្រមុះ​ជ្រូក​ក្បាលថ្នល់​ជាមួយ​នឹងផ្លូវ​៦០ម៉ែត្រ ដែលជា​ចំណុច​ប្រសព្វ​ផ្លូវ​៦០ម៉ែត្រ ផ្លូវ​ព្រះមុនីវង្ស​និងផ្លូវ​២៧១ ជាប់​ព្រំប្រទល់​រវាង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ចំការមន ក្បែរនឹង​ស្ពាន​អាកាស​ក្បាលថ្នល់​តែម្តង៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;