រថភ្លើង សិរីសោភ័ណ-​បាត់ដំបង ចាប់ផ្ដើម​ដំណើរការ​ជា​បណ្ដោះអាសន្ន នា​ថ្ងៃ​២៩​មេសា

  • 2018-04-28 09:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះ​អាសន្ន​នូវ​គម្រោង​ផ្លូវ​រថភ្លើង​ដឹក​អ្នកដំណើរ សិរីសោភ័ណ-បាត់ដំបង នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨​ព្រឹក នៅ​ស្ថានីយ​រថភ្លើង​សិរីសោភ័ណ។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ចូលរួម​ក្នុង​ពិធី​នេះ​។

ស្ថានីយសិរីសោភ័ណ (រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)
ផ្លូវ​រថភ្លើង​នេះ មាន​ប្រវែង ៦៥ គ.ម ចាប់​ពី​ទីក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ ដល់​ទីរួមខេត្ត​បាត់ដំបង ដែល​មាន ១០​ស្ថានីយ រួមមាន៖ សិរីសោភ័ណ មង្គលបូរី ចម្ការ​ចេក ភ្នំតូច ទួល​សំរោង ជ្រោយ​ស្ដៅ ជណ្ដើរ​ស្វា អូរតាគី សៀម និង​បាត់ដំបង។
ផ្លូវដែក ប៉ោយប៉ែត-សិរីសោភ័ណ-បាត់ដំបង (រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

សូម​រំឭក​ថា កាល​ពី​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ​២០១៨ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ប៉ោយប៉ែត មក​កាន់​សិរីសោភ័ណ ទីរួមខេត្ត​បន្ទាយមានជ័យ។ រថភ្លើង​ដឹក​អ្នកដំណើរ​នៅ​ព្រំដែន​ថៃ​នេះ នឹង​ដឹក​អ្នកដំណើរ​ដោយ​មិន​គិតថ្លៃ រហូត​ដល់​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០១៨។ ផ្លូវ​រថភ្លើង​ ប៉ោយប៉ែត-សិរីសោភ័ណ-បាត់ដំបង មាន​ចម្ងាយ​សរុប​ ១១៣ គ.ម។

តាម​គម្រោង បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​កំណាត់​ផ្លូវ​រថភ្លើង​ពី​ប៉ោយប៉ែត ជាប់​ព្រំដែន​ថៃ មកកាន់​សិរីសោភ័ណ និង​បន្ត​ដល់​ខេត្ត​បាត់ដំបង គឺ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​គ្រោង​នឹង​ភ្ជាប់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​ពី​បាត់ដំបង មក​កាន់​រាជធានី​ភ្នំពេញ​ផងដែរ​៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;