ឆ្នាំនេះ កសិករ​ប្រមូលផល​ម្រេច​បាន​តិចជាង​ឆ្នាំមុន

  • 2018-05-07 06:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត លោក ងួន ឡាយ ថ្លែង​ថា ម្រេច​កំពត​នៅ​ឆ្នាំនេះ អាច​ប្រមូល​ផល​បាន​ត្រឹម​ចន្លោះ​ពី ៧០ ទៅ ៧៥ តោន ប៉ុណ្ណោះ ធៀប​ទៅ​នឹង​ឆ្នាំមុន ដែល​ប្រមូល​បាន​ប្រហែល ១០០ តោន។ ម្យ៉ាងវិញទៀត រដូវ​ប្រមូល​ផល​នៅ​ឆ្នាំនេះ អាច​នឹង​អូស​បន្លាយ​រហូតដល់​ក្រោយ​ខែ​មិថុនា ជា​ពេលវេលា ដែល​ម្រេច​ចុង​រដូវ​ទាំងនោះ មិន​អាច​ប្រើ​ឈ្មោះ​ម្រេច​កំពត​បាន​ឡើយ។

ម្រេចខៀវ
លោក​បញ្ជាក់​ថា គិត​មកដល់​ដើម​ខែ​ឧសភា នេះ​ទៅ​ហើយ ម្រេច​កំពត​ទើបតែ​ប្រមូល​ផល​បាន​ប្រមាណ ២០ ភាគរយ​ប៉ុណ្ណោះ៖ «**មាន​ក្រុមហ៊ុន​ខ្លះ​ក៏​គេ​ចាប់ផ្ដើម​ទិញ​ហើយ​ដែរ តែ​គេ​ទិញ​ផ្ទាល់​ពី​កសិករ។ គេ​ទិញ​បណ្ដើរៗ​ហើយ ប៉ុន្តែ​យើង​ក៏​គ្មាន​ម្រេច​លក់​ឱ្យ​ប៉ុន្មាន​ដែរ ព្រោះ​មកដល់ពេលនេះ យើង​ទើបតែ​ប្រមូល​ផល​បាន ១៥ ទៅ ២០​ភាគរយ​តែប៉ុណ្ណោះ​ជា​រួម។ យើង​អត់​ទាន់​បាន​ប្រមូល​ផល​ពេញ​ទេ ពីព្រោះ​ម្រេច​ឆ្នាំនេះ​ទើបតែ​ផ្លែ​ក្រោយ។ ចំពោះ​រូប​ខ្ញុំ​ផ្ទាល់​វិញ មិនទាន់​បាន​ប្រមូល​ផល​មួយ​គ្រាប់​ផង ទាល់តែ​ខែ ៦ ទើបបាន​បេះ**»។

ទោះ​ជា​យ៉ាងណា លោក ងួន ឡាយ បញ្ជាក់​ថា លោក​មិន​មាន​ការ​បារម្ភ អំពី​ម្រេច​ក្នុង​តំបន់​របស់​លោក​នោះ​ទេ ទាក់ទង​នឹង​បញ្ហា​ទីផ្សារ និង​តម្លៃ ក៏ប៉ុន្តែ​លោក​សោកស្ដាយ និង​អាណិត​ដល់​កសិករ​អ្នក​ដាំ​ម្រេច នៅ​តំបន់​ដទៃ ដែល​កំពុង​ជួបប្រទះ ការ​លំបាក​យ៉ាង​ខ្លាំង ដោយសារ​តម្លៃ​ម្រេច បន្ត​ធ្លាក់​ចុះ​ខ្លាំង គឺ​មិន​ដល់ មួយ​ម៉ឺន​រៀល​ផង ក្នុង​មួយ​គីឡូក្រាម។ លោក​អះអាង​ថា តម្លៃ​ទាប​បែបនេះ មិន​អាច​ធ្វើ​ឱ្យ​កសិករ​ទទួល​បាន​ផល​ចំណេញ ពី​ដំណាំ​ម្រេច​ឡើយ មាន​តែ​ការ​ខាតបង់​ប៉ុណ្ណោះ។

អ្នក​ជំនាញ​ខាង​កសិកម្ម បណ្ឌិត យ៉ង សាំងកុមារ ថ្លែង​ថា រដ្ឋ​គួរតែ​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្លាំងក្លា​ចំពោះ​ដំណាំ​ម្រេច ដោយសារ​កម្ពុជា មាន​សក្ដានុពល ចំពោះ​ការ​ដាំដុះ​ម្រេច ហើយ​មាន​កសិករ​ជាច្រើន នៅ​ទូទាំង​ប្រទេស បាន​វិនិយោគ​ធនធាន​របស់​ខ្លួន ដាំ​ដុះ​ម្រេច​នេះ​រួចទៅ​ហើយ។

លោក​ប៉ាន់​ស្មាន់​ថា បើ​មានការ​រៀបចំ​ត្រឹមត្រូវ ផ្នែក​គោលនយោបាយ និង​ទីផ្សារ កម្ពុជា នឹង​អាច​រក​ចំណូល​បាន​ពី ៣ ទៅ ៥ រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ។ ដូច្នេះ​រដ្ឋ​ត្រូវតែ​លូកដៃ ធ្វើ​អន្តរាគមន៍ ចំពោះ​បញ្ហា​គ្មាន​ទីផ្សារ និង​តម្លៃ​ធ្លាក់​ចុះ​នេះ ទោះបីជា​ក្នុង​កម្រិត​ណា​ក៏​ដោយ ដើម្បី​កុំ​ឱ្យ​ប្រជាកសិករ និង​អ្នក​ផលិត​ម្រេច បាក់​ទឹកចិត្ត បោះបង់ចោល​ការ​ដាំដុះ​ដំណាំ​ឧស្សាហកម្ម​មួយ​នេះ។

ម្រេចក្រហម

ទោះជាយ៉ាងណា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​បង្ហាញ​សុទិដ្ឋិនិយម ចំពោះ​ស្ថានភាព​ល្អ​ប្រសើរ​នៃ​វិស័យ​ម្រេច​កម្ពុជា បើទោះបី​ជា​មានការ​ប្រែប្រួល​តម្លៃ​ក៏ដោយ ពោលគឺ​អាច​រក្សា​បាន​ចំណែក​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក។ ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​វេទិកា​ម្រេច លើកទី២ ដែល​រៀបចំ​ឡើង​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៨។

​ក្រសួង​ពាណិជ្ជកម្ម បង្ហាញ​ថា ម្រេច​គឺជា​ដំណាំ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ដែលត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម ដាក់​បញ្ចូល​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម (CTIS) ដើម្បី​អភិវឌ្ឍ​សង្វាក់​តម្លៃ និង​ធ្វើ​ពិពិធកម្ម​ការ​នាំចេញ។ បច្ចុប្បន្ន ម្រេច​ត្រូវបាន​ដាំដុះ​នៅក្នុង​ខេត្ត​ចំនួន​១៩ លើ​ផ្ទៃដី​ប្រមាណ​ជាង ៦,៦ពាន់​ហិចតា ហើយ​ផ្តល់​ទិន្នផល​ប្រហែល​ជាង ២ម៉ឺន​តោន​ក្នុងមួយ​ឆ្នាំ៕

អត្ថបទ​ទាក់ទង៖

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;