រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អះអាង​ថា ម្រេច​កម្ពុជា​នៅ​តែអាច​រក្សា​បាន​ស្ថានភាព​ល្អ បើទោះ​បីជា...

  • 2018-04-25 01:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម នៅតែ​បង្ហាញ​សុទិដ្ឋិនិយម ចំពោះ​ស្ថានភាព​ល្អ​ប្រសើរ​នៃ​វិស័យ​ម្រេច​កម្ពុជា បើទោះបី​ជា​មានការ​ប្រែប្រួល​តម្លៃ​ក៏ដោយ ពោលគឺ​អាច​រក្សា​បាន​ចំណែក​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក។ ការ​លើកឡើង​នេះ  ក្នុង​ពិធី​បិទ​វេទិកា​ម្រេច លើកទី២ ដែល​រៀបចំ​ឡើង​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៨។

លោក ប៉ាន សូរស័ក្តិ (កណ្តាល) ក្នុង​វេទិកាម្រេច កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។ រូបថត៖ FB ក្រសួងពាណិជ្ជកម្ម
លោក ប៉ាន សូរស័ក្តិ បាន​គូសបញ្ជាក់​​ថា បច្ចុប្បន្ន​ក្រសួង​ពាណិជ្ជកម្ម កំពុង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​រៀបចំ​រចនា​សម្ព័ន្ធ​ដឹកនាំ និង​បណ្តាញ​ផ្គត់ផ្គង់​ច្បាស់លាស់ ជាមួយ​គោល​នយោបាយ​សមស្រប សំដៅ​ធានា​អភិវឌ្ឍ​វិស័យ​ម្រេច​កម្ពុជា​ប្រកប​ដោយ​និរន្តរភាព ហើយ​នៅឆ្នាំ​ខាងមុខ វិស័យ​នេះ​នឹង​កាន់តែ​រឹងមាំ​ឡើងៗ ប្រហាក់ប្រហែល​នឹង​វិស័យ​ស្រូវ/អង្ករ និង​ដំឡូងមី​ដែរ។

ទន្ទឹមគ្នា​នេះ លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ភាគី​ពាក់ព័ន្ធ ដើម្បី​អភិវឌ្ឍ​វិស័យម្រេច និងបាន​សំណូមពរ​ដល់​ជំនាញការ​ជាតិ និង​អន្តរជាតិ ពន្លឿន​ការ​ចងក្រង​សេចក្តី​ព្រាង​គោលនយោបាយ​ម្រេច ដើម្បី​ដាក់​ឆ្លង​គណៈកម្មការ​បច្ចេកទេស​អន្តរ​ក្រសួង មុនពេល​ស្នើសុំ​ការ​អនុម័ត​ពី​រាជ​រដ្ឋាភិបាល។ គោល​នយោបាយ​នោះ នឹង​ត្រូវ​ផ្តោត​លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ប្រព័ន្ធ​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ប្រព័ន្ធ​ឡូជីស្ទីក ជំនួយ​ឥណទាន បច្ចេកទេស​ដាំដុះ​ថែទាំ និងការ​កសាង​ទំនុកចិត្ត​លើ​ទីផ្សារ រាប់ទាំង​ប្រព័ន្ធ​សុវត្ថិភាព គុណភាព ស្លាក​សញ្ញា និង​និមិត្ត​សញ្ញា​ម្រេច​ខ្មែរជាដើម។

​ក្រសួង​ពាណិជ្ជកម្ម បង្ហាញ​ថា ម្រេច​គឺជា​ដំណាំ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ដែលត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម ដាក់​បញ្ចូល​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម (CTIS) ដើម្បី​អភិវឌ្ឍ​សង្វាក់​តម្លៃ និង​ធ្វើ​ពិពិធកម្ម​ការ​នាំចេញ។ បច្ចុប្បន្ន ម្រេច​ត្រូវបាន​ដាំដុះ​នៅក្នុង​ខេត្ត​ចំនួន​១៩ លើ​ផ្ទៃដី​ប្រមាណ​ជាង ៦,៦ពាន់​ហិចតា ហើយ​ផ្តល់​ទិន្នផល​ប្រហែល​ជាង ២ម៉ឺន​តោន​ក្នុងមួយ​ឆ្នាំ៕

ម្រេចក្រហម

អត្ថបទ​ពាក់ព័ន្ធ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;