ខែល​មីស៊ីល​ស៊ីរី ត្រូវ​អ៊ីស្រាអែល​ប្រើ​មីស៊ីល​ពី​អាកាស បាញ់​កម្ទេច​ចោល

  • 2018-05-10 06:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​អ៊ីស្រាអែល បាន​បាញ់​ហ្វូង​មីស៊ីល​ជាច្រើន​ចូល​ក្នុង​ទឹកដី​របស់​ស៊ីរី ដោយ​បាន​កម្ទេច​រ៉ាដា និង​ខែល​មីស៊ីល​ស៊ីរី ដែល​បាន​ដំឡើង​នៅ​ក្នុង​ក្រុង Damascus។ នេះ​បើ​តាម​សារព័ត៌មាន​រដ្ឋ​ស៊ីរី SANA ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ២០១៨​នេះ។

ហ្វូង​មីស៊ីល​របស់​អ៊ីស្រាអែល ដែល​បាន​ចេញ​ពី​យន្តហោះ​ចម្បាំង​នៅ​ក្រៅ​ទឹកដី​របស់​ស៊ីរី បាន​ចាប់ផ្ដើម​ពី​ល្ងាច​ថ្ងៃ​ទី៩ ខែ​ឧសភា ២០១៨ បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី១០ ខែ​ឧសភា ២០១៨​នេះ។ ក្នុង​នោះ ខែល​មីស៊ីល​របស់​ស៊ីរី បាន​បាញ់​ទម្លាក់​មីស៊ីល​អ៊ីស្រាអែល​ជាង ១០​គ្រាប់។

សារព័ត៌មាន​រដ្ឋ​ស៊ីរី​បាន​រាយការណ៍​ថា ការ​បាញ់​មីស៊ីល​របស់​អ៊ីស្រាអែល គឺ​សំដៅ​មក​លើ​ទីតាំង​ខែល​មីស៊ីល​របស់​ស៊ីរី ដែល​បាន​កម្ទេច​រ៉ាដា និង​ប្រព័ន្ធ​ខែល​មីស៊ីល​របស់​ស៊ីរី​មួយ​ចំនួន។

ចំណែក​ខាង​កងទ័ព​អ៊ីស្រាអែល​វិញ​បាន​បញ្ជាក់​ថា កងទ័ព​អាកាស​របស់​ខ្លួន​បាន​បើក​ការ​វាយប្រហារ​ គឺ​សំដៅ​លើ​មូលដ្ឋាន​របស់​អ៊ីរ៉ង់ នៅ​ក្នុង​ប្រទេស​ស៊ីរី។ អ៊ីស្រាអែល​បញ្ជាក់​ទៀត​ថា ការ​វាយប្រហារ​នេះ ដោយសារ​​ទីតាំង​របស់​កងទ័ព​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់ Golan Heights បាន​រង​ការ​វាយ​ប្រហារ​ពី​មីស៊ីល​ជាង ២០​គ្រាប់ ដែល​បាញ់​ដោយ​កងទ័ព​អ៊ីរ៉ង់។

សូម​បញ្ជាក់​ថា ប្រទេស​អ៊ីស្រាអែល​ក៏​ធ្លាប់​បាន​លើកឡើង​ដែរ​ថា ប្រទេស​អ៊ីរ៉ង់​បាន​បង្កើត​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ីរី ដើម្បី​ធ្វើការ​វាយ​ប្រហារ​មក​លើ​ប្រទេស​អ៊ីស្រាអែល៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;