កម្ពុជាកំពុង​ប្រឈម​កង្វះ​ដែកថែប​សម្រាប់​ការ​ផ្គត់ផ្គង់​វិស័យ​សំណង់​ក្នុងស្រុក

  • 2018-05-16 06:44:27
  • ចំនួនមតិ

ចន្លោះមិនឃើញ

ការ​ផ្គត់ផ្គង់​ដែកថែប​ក្នុង​ប្រទេស​កម្ពុជា មានភាព​ស្តួចស្តើង​សម្រាប់​បំពេញ​តម្រូវការ​វិស័យ​សំណង់ ក្នុង​ស្រុក ខណៈដែល​វិស័យ​មួយ​នេះ​ បាននឹង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ជ្រោមជ្រែង​កំណើន​សេដ្ឋកិច្ច​កម្ពុជា។

លោក​ កាង ឡេង​​ នាយក​ប្រតិបត្តិ និង​អគ្គនាយក​ក្រុមហ៊ុន​ ISI Group​ បាន​មាន​ប្រសាសន៍ នៅក្នុង​វេទិកា​ស្តីពី “ឧស្សាហកម្មដែកថែប​” កាលពី​ពេលថ្មីៗ​កន្លងទៅ​នេះថា ការ​ប្រើប្រាស់​ដែកថែប នៅក្នុង​ប្រទេស​កម្ពុជា​នៅមាន​កម្រិត​តិចតួច​ណាស់ បើប្រៀបធៀប​ទៅនឹង​ប្រទេស​ជិតខាង​ក្នុង​តំបន់​អាស៊ាន។​

កម្មករ កំពុងសាងសង់អគារ១កន្លែង ក្នុងរាជធានីភ្នំពេញ

លោក​បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​បាន​នាំចូល​ដែកថែប​មក​ផ្គត់ផ្គង់​ទីផ្សារ​ស្រុក​មាន​តម្លៃសរុប​ប្រមាណ ជាង១ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ៥ឆ្នាំចុង​ក្រោយ​នេះ។ ក្រុមហ៊ុន​របស់​លោក អាចមាន​សមត្ថភាព​ផលិត ដែកថែប និង​ប្រភេទ​ដែក​ផ្សេងៗ​ទៀត​ប្រមាណ ៣០% នៃ​តម្រូវការ​សរុប​សម្រាប់​ទីផ្សារ​សំណង់​នៅ​កម្ពុជា។

គួរ​ជម្រាប​ថា វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៧​ ទទួលបាន​ទុន​វិនិយោគ​សរុប ប្រមាណ​ជាង ៦ពាន់​លាន​ដុល្លារ ដែលមានកំ​ណើន​ជាង ២២​%។ កំណើន​នៃ​វិស័យ​នេះ ត្រូវបាន​នាយក​ប្រតិបត្តិ​ខាងលើ ចាត់ទុកថា​ជា​ឱកាស​ដ៏ល្អ​សម្រាប់​ការ​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​ដែកថែប និងថែម​ទាំង​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ពី​បរទេស​បន្ថែម​ទៀត​ក្នុង​ឧស្សាហកម្ម ដែកថែប។

តែយ៉ាងណា ដើមទុន និង​វត្ថុ​ធាតុដើម​ ជា​បញ្ហា​ប្រឈម​សម្រាប់​វិនិយោគិន​ក្នុងស្រុក​ដើម្បី​ឈានជើង​ចូល​ក្នុង​ឧស្សាហកម្មនេះ។ លោក កាង ឡេង បានមាន​ប្រសាសន៍​ថា ការ​វិនិយោគ​ក្នុង​វិស័យ​នេះ អាចនឹង​ចំណាយ​ចាប់ពី​ខ្ទង់​លាន​ រហូតដល់ខ្ទង់​ពាន់លាន​ដុល្លារ​ឯណោះ។ លើសពីនេះ វត្ថុធាតុដើម​ក្នុងស្រុក​មាន​តិចតួច​ណាស់​ដែល​ត្រូវតែ​នាំចូល​ពី​ប្រទេស​ក្រៅ។ សម្រាប់​ក្រុមហ៊ុន​របស់​លោក  វត្ថុធាតុដើម​គឺត្រូវ​នាំចូល​ពី​ប្រទេស​ចិន និង​វៀតណាម។

កាលពី​អំឡុងខែ​មីនា​កន្លងមកនេះ​ សហរដ្ឋអាមេរិក​បាន​សម្រេច​ដំឡើង​ពន្ធ​លើការ​នាំចូល​ដែកថែប ពី​ប្រទេស​ចិន ២៥%។ ការ​ដំឡើង​ពន្ធ​នេះ ត្រូវបាន​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​នៅ​កម្ពុជា​​ ចាត់ទុកថា​ជា​ឱកាស​ល្អ​សម្រាប់​ការ​នាំចូល​ដែកថែប​មក​ផ្គត់ផ្គង់​ក្នុង​តំបន់​អាស៊ី។

ផលិតកម្មដែកថែបរបស់ប្រទេសចិន។ រូបថត៖ វិបសាយ financialtribune

លោក ច័ន្ទ​ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ និង​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ នៅ​កម្ពុជា ធ្លាប់បាន​លើកឡើង​ថា ប្រសិ​នបើ​ការនាំចេញ​ដែកថែប និង​អាលុយ​មីញ៉ូម​របស់​ចិន​ទៅ កាន់​អាមេរិក មាន​ការធ្លាក់ចុះ​ដោយសារ​ការ​ដំឡើង​ពន្ធ នោះ​ប្រទេស​ចិន អាចនឹង​បន្ថយ​តម្លៃ​នៃការ​នាំ ចេញ​ទំនិញ​ទាំងនោះ​មកកាន់​តំបន់​អាស៊ី ដែល​ផ្តល់​ឱកាស​ដល់​ពួកគេ (ប្រទេស​ក្នុង​តំបន់​អាស៊ី) អាចទិញ​ក្នុង​តម្លៃ​ទាប​ជាងមុន៕


អត្ថបទ៖ ឈុត សិរីឧត្តម