អតីត​ប្រធាន​គណបក្ស​១​ត្រូវ​តុលាការ​តម្កល់​ទោស​៥​ឆ្នាំ​ដដែល​ពី​បទ​ប្រមាថ​កងទ័ព

  • 2018-05-18 06:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ លោក ឃឹម ប៉ុណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលា​ការ​កំពូល សម្រេច​តម្កល់​សាលដីកា​សាលា​ឧទ្ធរណ៍ ទុកជា​បាន​ការ​ដ​ដែល ពោល​គឺ​លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណ​បក្ស អំណាច​ខ្មែរ ត្រូវ​ជាប់​គុក៥ឆ្នាំ​ដដែល ក្នុង​ករណី​ប្រមាថ​ធ្ងន់ធ្ងរ​លើ​កង​ទ័ព។

ក្នុង​ពេល​សវនាការ លោក សួន សេរីរដ្ឋា ទទួល​ស្គាល់​កំហុស​ថា ខ្លួន​ពិត​ជា​បាន​សរសេរ​សារ នយោបាយ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ក្នុង​ន័យ​ប្រមាថ​កង​ទ័ព​​ប្រាកដ​មែន ។ លោក​បន្ត​ថា បន្ទាប់​ពី​ទទួល​ស្គាល់​កំហុស លោក​​ក៏​បាន​​ចេញ​លិខិត​សុំទោស​ជា​សាធារណៈ​គោរព​ជូន​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ផង​ដែរ។

លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ/ រូបភាព៖ ដើម​អម្ពិល
លោក​សួន សេរីរដ្ឋា ជាប់​ចោទ​ពី​បទ “​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់ បទ​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កង​ទ័ព និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា៤៧១ មាត្រា៤៧២ មាត្រា៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ”។

លោក សួន សេរីរដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​ពាក់​ព័ន្ធ​​នឹង​អង្គ​ហេតុ​នៃ​ការ​បង្ហោះ​សារ​ជា​សាធារណៈ​លើ​ផេក​ឈ្មោះ Soun Serey Ratha លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ​២០១៧ ដែល​សារ​នោះ មាន​ចរិត​បង្ក​គ្រោះ ថ្នាក់​ដល់​វិស័យ​ការពារ​ជាតិ។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង រាជធានី​ភ្នំពេញ សំណុំ​រឿង​លោក​សួន សេរីរដ្ឋា ជា​ករណី​បទ​មជ្ឈិម​ជាក់ស្ដែង៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;