ចិន ចាប់​អារម្មណ៍​ផលិតផល​ខ្មែរ ៥យ៉ាង ដើម្បី​នាំចូល​ទៅ​ទីផ្សារ​របស់​ខ្លួន

  • 2018-05-19 03:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រតិភូ​ខេត្ត​ក្វាងស៊ី​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន បាន​បង្ហាញ​ចេតនា​ជួយ​សម្របសម្រួល​ឲ្យ​កម្ពុជា​អាច​នាំ​ផលិតផល​ស្វាយ ស្វាយចន្ទី មៀន ម្រេច និង​ទឹកមាត់​ត្រចៀក​កាំ ចូល​ទៅ​ប្រទេស​ចិន​ឲ្យ​បាន​នា​ពេល​ខាងមុខ។

ការ​លើកឡើង​របស់​ភាគី​ចិន​នេះ ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​ ស៊ាង ថៃ អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួង​ពាណិជ្ជកម្ម និង លោក Liang Yi អគ្គនាយករង​នៃ​ភ្នាក់ងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ក្វាងស៊ី នា​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។

ម្រេចកម្ពុជា
លោក Liang Yi ​ថា លោក​នឹង​រាយការណ៍​ទៅ​មន្រ្តី​និង​អាជ្ញាធរ​ចិន​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​ដោះស្រាយ​ឲ្យ​កម្ពុជា​អាច​នាំ​ផលិតផល​ស្វាយ ស្វាយចន្ទី មៀន និង​ម្រេច ចូល​ប្រទេស​ចិន​បាន។ ដោយឡែក ចំពោះ​ផលិតផល​ទឹក​មាត់​ត្រចៀក​កាំ​វិញ ភាគី​ចិន នឹង​សហការ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី បង្កើត​ជា​ក្រុម​ជំនាញ​មួយ ដើម្បី​ជួយ​សម្រប​សម្រួល​យ៉ាង​ណា​ឲ្យ​កម្ពុជា​អាច​នាំចូល​ទឹកមាត់​ត្រចៀក​កាំ​ទៅ​កាន់​ប្រទេស​ចិន​បាន​ដូច​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ​។

លោក Liang Yi បាន​ជម្រាប​ថា នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​មកពី​ខេត្ត​ក្វាងស៊ី​ជាច្រើន បាន​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម ហើយ​នៅ​ថ្ងៃ​ខាងមុខ លោក​នឹង​ខិតខំ​កៀង​គរ​វិនិយោគិន​ខេត្ត​ក្វាងស៊ី ឲ្យ​ចូល​មក​បណ្តាក់​ទុន​ថែម​ទៀត​នៅ​កម្ពុជា ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​ផ្លូវមួយ ខ្សែ​ក្រវាត់​មួយ ដែល​ផ្តួចផ្តើម​ដោយ​លោក ស៊ី ជិនពីង ប្រធានាធិបតី​ចិន។

លោក Liang Yi បាន​បន្ត​ថា មាន​ក្រុមហ៊ុន​មកពី​ខេត្ត​ក្វាងស៊ី​ដ៏​ធំ​មួយ កំពុង​បោះទុន​វិនិយោគ​លើ​កំពង់ផែ​ក្រុង​ព្រះសីហនុ បើ​សិន​ជា​គម្រោង​នេះ​ទទួល​ជោគជ័យ កម្ពុជា​អាច​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ត្រង់​ទៅ​ប្រទេស​ចិន​តែម្តង​។

លោក​ ស៊ាង ថៃ អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួង​ពាណិជ្ជកម្ម និង លោក Liang Yi អគ្គនាយករង​នៃ​ភ្នាក់ងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ក្វាងស៊ី នា​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​ (រូបថត៖ ក្រសួងពាណិជ្ជកម្ម

សូម​ជម្រាប​ថា កម្ពុជា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នាំ​ចូល​ទៅ​ប្រទេស​ចិន​បាន​តែ អង្ករ ដំឡូងមី និង​ពោត​ប៉ុណ្ណោះ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;