កម្ពុជា ប្រារព្ធ "ទិវា​ជាតិ​នៃការ​ចងចាំ" ២០​ឧសភា

  • 2018-05-20 01:51:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​ដំបូង ដែល​កម្ពុជា ប្រារព្ធ "ទិវា​ជាតិ នៃការ​ចងចាំ" ដើម្បី​រំលឹក និង​គោរព​ដល់វិញ្ញាណក្ខន្ធ និងការ​ឈឺចាប់​របស់​ជនរងគ្រោះ​ពី​ឧក្រិដ្ឋកម្ម ដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរ​ក្រហម (១៧មេសា ១៩៧៥- ៦​ ខែ​មករា ឆ្នាំ​១៩៧៩)។

ប្រជាពលរដ្ឋ ត្រូវបង្ខំឱ្យធ្វើពលកម្ម ក្នុងរបបខ្មែរក្រហម។ រូបថត៖ មជ្ឈមណ្ឌលឯកសារកម្ពុជា
សូម​ជម្រាប​ថា កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ រាជ​រដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ កំណត់​យក​ថ្ងៃ​២០ ឧសភា រៀងរាល់ឆ្នាំ​ជា “​ទិវា​ជាតិ​នៃ​ការចងចាំ​” ដោយបាន​កំណត់​យក​ជា​ថ្ងៃ​ឈប់សម្រាក​ជា​សាធារណៈ ដើម្បី​រម្លឹក​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់ រួមទាំង​ប៉ះប៉ូវ​ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​អ្នក​ដែល​ឆ្លងកាត់​សម័យ​ខ្មែរក្រហម ចូលរួម​ផ្សះផ្សា​ជាតិ និង​លើកកម្ពស់​ការផ្សព្វផ្សាយ និង​យល់ដឹង​ពី​អំពើ​ឃោរឃៅ ដែល​កើតមាន​ក្នុង​របប​ខ្មែរក្រហម។

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​ប្រកាស ស្តីពី​ការឈប់​សម្រាក​នៅថ្ងៃ​ទិវា​ជាតិ​នៃ​ការ​ចងចាំ ដោយ​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានសម្រេច​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​នៃ​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ឈប់សម្រាក​ការងារ ដោយមាន​ប្រាក់​ឈ្នួល នៅ​ថ្ងៃទី​២០ ខែឧសភា ជា​រៀងរាល់​ឆ្នាំ។ ប៉ុន្តែ​​ដោយ​ថ្ងៃ​២០​ឧសភា នៅ​ឆ្នាំនេះ ចំ​ថ្ងៃអាទិត្យ ដូច្នេះ​រដ្ឋមន្ត្រីក្រសួង​ការងារ បាន​សម្រេច​ឲ្យ​កម្មករ និយោជិត ត្រូវបាន​ឈប់សម្រាក​មួយថ្ងៃ​បន្តទៀត គឺ​ឈប់​សម្រាក​នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែ​ឧសភា។

​សូម​រម្លឹកថា នៅ​ថ្ងៃទី​២០ ខែឧសភា ជា​រៀងរាល់ឆ្នាំ អាជ្ញាធរ​រាជធានី​ភ្នំពេញ តែងតែ​ប្រារព្ធ​ទិវា​រម្លឹក​ដល់​ការឈឺចាប់​នៃ​របប​ខ្មែរក្រហម​ដោយ​ធ្វើ​ពិធី​ជួបជុំ នៅឯ​សារមន្ទីរ​ប្រល័យពូជសាសន៍​ជើងឯក ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ៕

ប្រជាពលរដ្ឋវិលមកក្រុងភ្នំពេញវិញ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩។ រូបថត៖ មជ្ឈមណ្ឌលឯកសារកម្ពុជា

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;