ករណី​ពុល​នៅ​ខេត្ត​ក្រចេះ៖ ក្រសួង​បរិស្ថាន​កំពុង​ធ្វើរបាយការណ៍ បន្ទាប់ពីទទួលបានលទ្ធផល​ពិសោធន៍ពី​សិង្ហបុរី​

  • 2018-05-24 04:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​បរិស្ថាន បាន​ទទួល​លទ្ធផល​​ពិសោធន៍​ឈាម​​ជន​រងគ្រោះ​ដែល​ពុល​ស្លាប់​នៅ​ខេត្ត​ក្រចេះ​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ទិន ពន្លក អគ្គ​លេខាធិការ​នៃ​អគ្គ​លេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព។

យ៉ាងណាក្ដី លោក ទិន ពន្លក មិន​ទាន់​អាច​បកស្រាយ​បាន​ពី​លទ្ធផល​នោះទេ ដោយ​​​ត្រូវ​រង់ចាំ​អ្នកជំនាញ​ធ្វើ​របាយការណ៍​​លម្អិត​អំពី​លទ្ធផល​នោះ​ជា​មុន​សិន។

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត នៅ​ក្នុង​កម្មវិធី​សិក្ខា​សាលា​បណ្ដុះ​បណ្ដាល​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​សម្រាប់​ថ្នាក់​ដឹកនាំ​វ័យក្មេង និង​យុវជន​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៤ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ លោក ទិន ពន្លក បាន​និយាយថា៖ "ក្រសួង​បរិស្ថាន​បាន​ជូន​សំណាក​ហ្នឹង (សំណាកឈាម) ​ទៅមន្ទីរពិសោធន៍​សិង្ហបុរី ហើយ​លទ្ធផល​ទទួល​បានហើយ ប៉ុនតែ​អ្នកជំនាញ​កំពុង​បកស្រាយ"។

លោក​បន្ត​ថា "ខ្ញុំ​មិនទាន់​អាច​បកស្រាយ​ មុនអ្នក​ជំនាញ​​​ចេញរបាយការណ៍​លម្អិតបានទេ ប៉ុន្តែ​ជារួម យើងឃើញ​ថា មាន​ធាតុ​ម៉េតាណុល ​ក្នុង​សំណាក​ឈាម​របស់​ជន​រងគ្រោះមួយចំនួន។ ឥលូវនេះ​ក្រសួង​បរិស្ថាន កំពុង​ធ្វើ​ការ​ជាមួយ​​​ក្រសួង​រ៉ែ និងថាមពល ដើម្បីរៀបចំ​របាយការណ៍​លម្អិត​ជូន​ប្រមុខ​រដ្ឋាភិបាល ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការ​វិភាគ​នោះ"។

លោក ទិន ពន្លក ឆ្លើយ​សំណួរ​អ្នក​កាសែត
ចំពោះ​សំណួរ​ថា​តើ​ទឹក​ព្រែក​ទេរ​ នៅ​ខេត្ត​ក្រចេះ​ ពិត​ជាមាន​ជាតិ​ស្យានីត ដូច​ការ​លើក​ឡើង​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម រក​ឃើញ​ឬ​យ៉ាង​នោះ លោក​ ទិន ពន្លក បាន​បញ្ជាក់​ដោយ​ខ្លី​ថា ជំហាន​ដំបូង គឺ​មាន​ជាតិ​ស្យានីត​ដែរ ប៉ុន្តែ​ស្ថិត​ក្នុង​កម្រិត​មួយ​ទាប។ លោក​បាន​បញ្ជាក់ទៀតថា លោក​មិនទាន់​អាច​បកស្រាយ​ថា​កម្រិត​នៃ​ជាតិ​ស្យានីតនោះ អាច​បង្ក​ឲ្យ​មាន​ការ​ពុល​ដែរ​ឬយ៉ាង​ណានោះទេ ពោល​​គឺ​ត្រូវ​នៅ​ចាំ​របាយការណ៍​របស់​អ្នក​ជំនាញ​សិន។

គួរ​រំលឹក​ដែរថា ករណី​ពុល​នៅ​ខេត្ត​ក្រចេះ កាលពី​ដើម​ខែ​ឧសភា ២០១៨ កន្លង​ទៅ មាន​ការ​បកស្រាយ​ផ្ទុយ​គ្នា រវាង​រដ្ឋមន្រ្តី ២​រូប ពោល​គឺ​រដ្ឋមន្ត្រីលោក​ចម ប្រសិទ្ធ រដ្ឋមន្រ្ដី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បញ្ជាក់ថា​ ការ​ពុលនោះ គឺ​បណ្ដាល​មក​ពី​អាជីវកម្ម​រ៉ែ ដែល​ប្រើ​ជាតិ​គីមី​ពុល (ស្យានីត) ចំណែក​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និងថាមពល លោក​ស៊ុយ សែម បាន​អះអាងថា ករណី​ពុល​នោះ គ្មាន​ពាក់ព័ន្ធ​ជាតិ​ស្យា​នីត​នោះ​ទេ៕

ចុចអាន៖ ករណី​ពុល​នៅ​ខេត្ត​ក្រចេះ៖ រដ្ឋមន្ត្រី ២​រូប បកស្រាយ​ផ្ទុយ​គ្នា

អត្ថបទ៖ សោភា

អត្ថបទថ្មី
;