រឿង​ពុល​ស្លាប់​នៅ​ក្រចេះ៖ សម្ដេច ហ៊ុន សែន ព្រមាន​ដក​រដ្ឋមន្ត្រី

  • 2018-05-25 05:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​ព្រមាន​ដក​រដ្ឋមន្ត្រី​ណា​ដែល​រំលោភ​បំពាន​អំណាច និង​មិន​គោរព​ឋានុក្រម និង​កុំ​ឲ្យ​មាន​ការ​សាច​ទឹក​ដាក់​គ្នា​នៅ​ក្នុង​រដ្ឋាភិបាល ពាក់ព័ន្ធ​ករណី​ពុល​ស្លាប់​នៅ​ភូមិ​ស្រែនន និង​ភូមិអាលច ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ កាលពី​ថ្ងៃទី៣ ខែ​ឧសភា ឆ្នាំ២០១៨។ ការ​ព្រមាន​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ២០១៨ នេះ។

សម្ដេច​ ហ៊ុន ដឹកនាំ​ប្រជុំ​គណៈរដ្ឋមន្រ្តី នៅ​ព្រឹកនេះ (រូបភាព៖ ហ្វេសប៊ុក​សម្ដេច ហ៊ុន សែន)
សម្តេច​នាយករដ្ឋមន្រ្តី​បាន​សង្កត់​ធ្ង​ន់ថា “រឿង​នេះ​មិន​គួរ​ឲ្យ​កើត​មាន​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​យើង​សោះ ហើយ​ជា​ការ​ដាស់​តឿន បើ​អស់​លោក​ចង់​រាយការណ៍​ឲ្យ​ខ្ញុំ អស់​លោក​រាយការណ៍ ប៉ុន្តែ​អស់​លោក​មិន​ត្រូវ​យក​របាយការណ៍​ដែល​រាយការណ៍​ឲ្យ​ខ្ញុំ​ទៅ​ប្រាប់​អ្នក​កាសែត មុន​ពេល​ដែល​មក​ដល់​នាយករដ្ឋមន្ត្រី​នោះ​ទេ ហើយ​បើ​មាន​កិច្ចការ​បន្ទាន់​ វើសអាប់ ឬ​តេឡាក្រាម ឬ​ឡាញ អស់​លោក​អាច​ទូរស័ព្ទ​មក​ខ្ញុំ​បាន​តើ បញ្ជូន​មក​តាមរយៈ​ខ្ញុំ​បានតើ ម៉េច​ក៏​ចាំ​បាច់​ទៅ​និយាយ​ជាមួយ​អ្នកសារព័ត៍មាន​ឲ្យ​ស្រង់​ព័ត៍មាន​វ៉ៃ​បក​គ្នា​រវាង​រដ្ឋមន្ត្រី សាច​ទឹក បាច​ទឹក​ដាក់​គ្នា​យ៉ាង​ដូច្នេះ នៅ​ក្នុង​ពេល​ដែល​រដ្ឋមន្ត្រី​មួយ​ទទួល​បាន​នៅ​អំណាច ដើម្បី​ផ្សព្វផ្សាយ​បញ្ហា​នេះ នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ អីចឹង​ទេ ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ណាស់​ជាមួយ​និង​អ្វី​ដែល​បាន​កើតឡើង។”
ជនរងគ្រោះ ដោយសារ​ការពុល​នៅខេត្ត​ក្រចេះ

ទាក់ទង​ករណី​ពុល​ស្លាប់​នៅ​ខេត្ត​ក្រចេះ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​យក​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​ចេញ​កន្លង​មក​នេះ គឺ​ជា​របាយការណ៍​ផ្លូវការ គ្មាន​អ្នក​ណា​មួយ​ដែល​អាច​បដិសេធ​នោះ​ទេ។

សម្តេច​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ថា “ខ្ញុំ​មាន​សិទ្ធិ​នឹង​ដេញ​ចេញ នៅ​ក្នុង​ពេល​ដែល​រដ្ឋមន្ត្រី​ណា​មួយ​រំលោភ​បំពាន​អំណាច ហើយ​មិន​គោរព​ឋានុក្រម”។

សូម​រម្លឹក​ថា ករណី​ពុល​នេះ កើត​ឡើង​នៅ​ភូមិ​ចំនួន៤ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ កាលពីថ្ងៃទី៣ ខែ​ឧសភា ឆ្នាំ២០១៨ ដោយ​អ្នក​ភូមិ​ជាច្រើន មាន​រោគ​សញ្ញា ឈឺពោះ ក្អួតចង្អោរ ឈឺក អស់​កម្លាំង ទន់​ដៃ​ទន់​ជើង វិលមុខ និងថប់ដង្ហើម។ រហូត​ដល់​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ២០១៨ ចំនួន​អ្នក​ស្លាប់​ដោយសារ​ករណី​ពុល បាន​កើន​ឡើង​ដល់ ១៣នាក់ និង​ជាច្រើន​នាក់​ទៀត ត្រូវ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ។ ចំណែក​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ២០១៨ បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​មួយ​ស្ដី​ពី​ករណី​ពុលស្រា និង​សង្ស័យ​ពុល​ទឹក​នៅ​ខេត្ត​ក្រចេះ ដោយ​រកឃើញ​ថា សំណាក​ស្រា​ដែល​ត្រូវ​បាន​ពិសោធ មាន​ផ្ទុក​ជាតិ​មេតាណុល​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ពុល៕

អត្ថបទទាក់ទង៖

អត្ថបទ៖ សោភា

អត្ថបទថ្មី
;