រោងចក្រ​ស៊ីម៉ងត៍​តម្លៃ ២៣០លាន​ដុល្លារ នៅ​បាត់ដំបង ត្រូវ​បើក​សម្ពោធ​ព្រឹកនេះ

  • 2018-05-31 01:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អញ្ជើញ​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​រោងចក្រ​ស៊ីម៉ងត៍​បាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) ដែល​មាន​ទីតាំង​នៅ​តំបន់​ភ្នំដូនម៉ាយ ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង។

រោងចក្រ​ស៊ីម៉ងត៍​បាត់ដំបង ខនស៍ ស៊ីមេន ដែលត្រូវសម្ពោធនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ (រូបថត៖ FB សម្តេច ហ៊ុន សែន)
រោងចក្រ​ស៊ីម៉ងត៍​នេះ ត្រូវ​បាន​សង់​នៅលើ​ទីតាំង​ដែល​មាន​ផ្ទៃដី​សរុប​ទំហំ ៣១៦​ហិកតា និង​ប្រើ​រយៈពេល​សាងសង់​ចំនួន ១៨​ខែ គិត​ចាប់តាំង​ពីចុងឆ្នាំ​២០១៦។ ការ​បង្កើត​រោងចក្រ​នេះ ប្រើទុន​វិនិយោគ​ប្រមាណ ២៣០លាន​ដុល្លារ​អាមេរិក ដែលជា​ការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន Conch International Holding (HK) Limited និង​ក្រុមហ៊ុន Battambang KT Cement Co.,Ltd តំណាង​ដោយ​លោក​ឧកញ៉ា ស៊ី គង់ទ្រីវ និង​លោក​ឧកញ៉ា វិញ ហួរ។

រោងចក្រ​ស៊ីម៉ងត៍​នេះ មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​ប្រមាណ ៥ពាន់​តោន​ក្នុង​មួយថ្ងៃ ឬស្មើនឹង​ជិត ២លានតោន​ក្នុងមួយ​ឆ្នាំ។

រោងចក្រ​ស៊ីម៉ងត៍​បាត់ដំបង ខនស៍ ស៊ីមេន ដែលត្រូវសម្ពោធនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ (រូបថត៖ FB សម្តេច ហ៊ុន សែន)

គួរ​បញ្ជាក់​ថា នេះជា​រោងចក្រ​ស៊ីម៉ត៍ទី២​ហើយ ដែលត្រូវ​បានបើក​សម្ពោធ​នៅក្នុង​ឆ្នាំ​២០១៨នេះ ដោយកាល​ពីថ្ងៃទី​៨ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន ក៏បាន​អញ្ជើញ​បើក​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​រោងចក្រ​ស៊ីម៉ត៍​របស់​ក្រុមហ៊ុន​ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC) នៅ​ស្រុក​បន្ទាយមាស ខេត្ត​កំពត។ រោងចក្រ​នេះ មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍ ២លាន​តោន​ក្នុង១​ឆ្នាំ៕

អត្ថបទ​ពាក់ព័ន្ធកម្ពុជា មាន​សមត្ថភាព​ផលិត​ស៊ីម៉ង​ត៍បាន ៧លាន​តោន ក្នុង១​ឆ្នាំ ចាប់ពី​ឆ្នាំនេះ​ទៅ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;