លោក រ៉ុង ឈុន ស្នើឱ្យ​ពិនិត្យ "ច្បាប់​ការងារ​ថ្មី" ឡើងវិញ មុន​ព្រឹទ្ធសភា​អនុម័ត

  • 2018-06-13 03:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​សហជីព​ការងារ​កម្ពុជា លោក រ៉ុង ឈុន កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បាន​ស្នើ​ឱ្យ​ព្រឹទ្ធសភា​បញ្ជូន​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ការងារ ទៅ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យមើល​ឡើងវិញ ព្រោះ​លោក​យល់​ថា មាត្រា​មួយ​ចំនួន​នៃ​សេចក្ដីព្រាងច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​កម្មករ​និយោជិត ខាតបង់​ផល​ប្រយោជន៍ និង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​សហជីព។

លោក រ៉ុង ឈុន ក្នុងពិធីជួបជុំ១ នៅរាជធានីភ្នំពេញ ក្រោយពេលលាលែងពីសមាជិក គ.ជ.ប
លោក រ៉ុង ឈុន ​យល់ឃើញ​ថា ការ​ស្នើ​ឱ្យ​មាន​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​របស់​រាជ​រដ្ឋាភិបាល ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​សហជីព​នេះ គ្រាន់តែ​ជា​ការ​ធ្វើតាម​ការ​ចង់​បាន​របស់​និយោជក និង​បើកឱកាស​ឱ្យ​ពួកគេ​បាន​រួច​ផុត​ពី​កាតព្វកិច្ច​ នៅ​ពេល​រោងចក្រ​បិទទ្វារ​តែ​ប៉ុណ្ណោះ។

លោក​ក៏បាន​ស្នើ​ឱ្យ​​រាជរដ្ឋាភិបាល​ ពិនិត្យមើល​ឡើងវិញ​ និង​បញ្ចូល​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ទៅ​ក្នុង​សេចក្ដី​ព្រាងច្បាប់​នេះ។ ចំណុច​ទាំង​នោះ រួមមាន៖

  • និយោជក​ត្រូវ​តម្កល់​ប្រាក់​ក្នុង​រតនាគារជាតិ ទុក​បើក​ជូន​កម្មករ​និយោជិត ក្នុង​ករណី​រោងចក្រ​បិទទ្វារ

  • ការ​រក្សាទុក​មាត្រា ៨៧​ចាស់ និង​ប្រាក់​បំណាច់​បណ្ដេញ​ចេញ

  • ហើយ​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ជូន​កម្មករ និយោជក​ត្រូវ​ធ្វើ​ឡើង​រៀងរាល់ ៣ ឆ្នាំ​ម្ដង។

ឆ្លើយ​តបនឹង​ការ​លើកឡើង​ខាងលើ​នេះ អ្នក​នាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បាន​បញ្ជាក់​ថា ព្រឹទ្ធសភា​មិន​ចាប់​អារម្មណ៍​នឹង​ការ​ស្នើ​ពី​សំណាក់​សហភាព​សហជីព​កម្ពុជា​នោះទេ ព្រោះ​ស្ថាប័ន​កំពូល​មួយ​នេះ​ជឿជាក់​ថា សេចក្ដីព្រាងច្បាប់​ដែល​បាន​ស្នើ​មកនេះ ជា​រឿង​ត្រឹមត្រូវ និង​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​កម្មករ។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ច្បាប់​ដែល​គេ​បង្កើត​ថ្មី​នេះ គឺ​គេ​គិត​អំពី​ផលប្រយោជន៍​របស់​កម្ម​ករ​-​កម្មការិនី​ពិតប្រាកដ​ណាស់។ គាត់ (លោក រ៉ុង ឈុន) អត់​មានបាន​អ្វី ចេះតែ​លើក​ពី​ហេតុផល​មក។ ឥឡូវ ខុស​កន្លែង​ណា ប្រកា​រណា មាត្រា​ទី​ប៉ុន្មាន​ដែល​ខុស​ហ្នឹង​ឱ្យ​គាត់​លើក​យក​មក​និយាយ​មក វា​អត់​មាន​ទេ។»

លោក​បាន​ថ្លែង​ឱ្យដឹង​ថា គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្ដី​ព្រាងច្បាប់​នេះ នៅ​ទី១៤ មិថុនា ឆ្នាំ​២០១៨។

គួរ​រំលឹក​ថា កាលពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០១៨ រដ្ឋ​សភា បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៨៧ ចំណង​ជើង​ចំណុច “គ” ផ្នែក​ទី៣ នៃ​ជំពូក​ទី៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា​១២២ នៃ​ច្បាប់​ស្តីពី​ការងារ។

លោក អ៊ីត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ស្ដីពី​វិសោធនកម្ម​ច្បាប់​ការងារ នៅក្នុងសម័យប្រជុំរដ្ឋសភា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។ រូបថត៖ រដ្ឋសភា

មាត្រា៨៧ នៃ​ច្បាប់​ស្តីពី​ការងារ បាន​ចែង​ថា «ការ​បញ្ឈប់​សកម្មភាព​សហគ្រាស មិន​បើកឱកាស​ឱ្យ​និយោជក បាន​រួច​អំពី​កាតព្វកិច្ច ដែល​មាន​ចែង​ក្នុង​ផ្នែក​ទី៣ នេះ​ទេ វៀរលែង​តែ​ក្នុង​ករណី​ប្រធាន​ស័ក្តិ។ ធនក្ស័យ និង​ការ​ជំរះ​បញ្ជី​ជាផ្លូវ​តុលាការ មិនត្រូវ​ចាត់ទុក​ជា​ករណី​ប្រធាន​ស័ក្តិ​ទេ។»

សូម​បញ្ជាក់​ថា គិត​ត្រឹម​រយៈពេល ៥ខែ នៃ​ឆ្នាំ​២០១៨​នេះ រាជ​រដ្ឋាភិបាល​ បាន​ផ្ដល់​ថវិកា​បុរេប្រទាន​ចំនួន​ជាង ៦ លាន ២ សែន​ដុល្លារ​អាមេរិក សម្រាប់​បើក​ជូន​កម្មករ​ជិត ៦​ពាន់​នាក់ នៃ​រោងចក្រ​ចំនួន​១២ ដែល​ត្រូវ​បាន​ថៅកែ​បិទទ្វារ​រត់ចោល៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;