កម្ពុជា គ្រោង​ចំណាយ​ជាង ​២០០លាន​ដុល្លារ ដើម្បី​សង់​ចំណតផែ​ទឹកជ្រៅ​ថ្មី១​ទៀត

  • 2018-06-25 12:28:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឱ្យដឹង​ថា កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ គ្រោងនឹង​ពង្រីក​សមត្ថភាព​របស់​កំពង់ផែ​បន្ថែម​ទៀត តាមរយៈ​ការ​កសាង​ចំណត​ផែ​កុងតឺន័រថ្មី​មួយ​ទៀត ដែលមាន​ជម្រៅទឹក ១៤,៥​ម៉ែត្រ ប្រវែង ៣៥០ម៉ែត្រ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​កើនឡើង​នៃ​បរិមាណ​កុងតឺន័រ ឆ្លងកាត់​កំពង់ផែ​នាពេល​បច្ចុប្បន្ន និងនៅ​ពេល​អនាគត។ លោក​បានថ្លែង​ដូច្នេះ ក្នុងពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ ចំណតផែ​ពហុ​បំណង នៃ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៨។

ចំណតផែ​ពហុបំណងនៃកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ ដែលត្រូវបានដាក់ឱ្យដំណើរការនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។ រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោក​រដ្ឋមន្រ្តី បាន​បញ្ជាក់​ថា នៅក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច ​របស់​សម្តេច ហ៊ុន សែន កាលពីខែ​សីហា ឆ្នាំ​២០១៧ នៅ​ប្រទេស​ជប៉ុន កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​ចុះ​ហត្ថលេខា​លើ​ពិធី​ប្តូរសារ និង​កិច្ច​ព្រមព្រៀង​ប្រាក់​កម្ចី​សម្បទាន រវាង​រដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន លើ​គម្រោង​សាងសង់​ចំណតផែ​កុងតឺន័រ​ទឹកជ្រៅ​នេះ ដោយ​គ្រោង​នឹង​សាងសង់ នៅឆ្នាំ​២០១៩ ហើយគ្រោង​នឹង​បញ្ចប់​នៅចុង​ឆ្នាំ​២០២២ ឬដើមឆ្នាំ​២០២៣ ដែលមាន​ទឹកប្រាក់​សរុប ប្រមាណ ២០៣លាន​ដុល្លារ។

លោក ស៊ុន ចាន់ថុល ក៏​បាន​ឱ្យដឹងដែរ​ថា កំពង់ផែ​ទឹកជ្រៅ​នេះ នឹង​ធានា​ដល់​ការ​ចូលចត នាវា​កុងតឺន័រ​ខ្នាតធំ ចំណុះ​៦ម៉ឺន​តោន រហូតដល់​៩៣% នៃ​ចំនួន​នាវា​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នៅ​ដើមឆ្នាំ​២០២៣។ ជាងនេះ​ទៅទៀត កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នឹង​ក្លាយជា កំពង់ផែ​លំដាប់ថ្នាក់​កម្រិត​មធ្យម ដោយ​បរិមាណ​កុងតឺន័រ​ឆ្លងកាត់ នឹងមាន​បរិមាណ​លើសពី​១លានTEUs ក្នុងមួយ​ឆ្នាំ រីឯ​តម្លៃ​ដឹក​ជញ្ជូន តាមផ្លូវ​សមុទ្រ ទៅមក​កម្ពុជា នឹងកាន់​តែ​ចុះទាប​ប្រហាក់​ប្រហែល នឹងថ្លៃ​ដឹកជញ្ជូន តាម​សមុទ្រ​នៃ​ប្រទេស​ជិតខាងដែរ៕

អត្ថបទទាក់ទងលម្អិត​អំពី​ចំណត​ផែ​ពហុបំណង​ ដែលត្រូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​ កាលពីព្រឹកមិញ

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;