អ្នកស្រី សូរ សម្បត្តិ ប្រធានសមាគមសិប្បកម្មកំប្លោកភ្នំក្រោម ស្ថិតនៅក្នុងខេត្តសៀមរាប បានច្នៃកំប្លោកដែលគ្មានតម្លៃ ទៅជាកាបូប និងវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃ រហូតមានទីផ្សារដល់ក្រៅប្រទេស ដូចជា ជប៉ុន កូរ៉េ អេស្ប៉ាញ និង ឥណ្ឌូណេស៊ី ជាដើម។
ចង់ដឹងថា អ្នកស្រីតស៊ូ ជម្នះឧបសគ្គបែបណាខ្លះ ទម្រាំទទួលបានជោគជ័យ សូមទស្សនាវីដេអូខាងក្រោម៖
ដើម្បីទស្សនាវីដេអូផ្សេងទៀត សូមចុចត្រង់នេះ
ចុចអានអត្ថបទទាក់ទង៖
គ្រួសាររបស់អ្នកស្រី សូរ សម្បត្តិ ទៅកាត់កំប្លោកពីបឹង ដើម្បីយកទៅច្នៃធ្វើជាកាបូប
ដើមកំប្លោកដែលបានកាត់ពីបឹង ត្រូវយកមកហាលឲ្យស្ងួត មុនយកទៅសម្អាតនិងត្បាញ។ ការសម្ងួតតាមបែបធម្មជាតិនេះ អាចប្រើពេលពីមួយថ្ងៃទៅពីរថ្ងៃ អាស្រ័យលើពន្លឺនិងកម្ដៅនៃព្រះអាទិត្យ។
កំប្លោកដែលស្ងួតល្អហើយ ត្រូវយកទៅលាងសម្អាតជាមួយសាប៊ូឲ្យជ្រះស្លែនិងក្រមរផ្សេងៗ។ បន្ទាប់ពីលាងសម្អាតស្អាតហើយ សិប្បករយកកំប្លោកទាំងនោះទៅហាលឲ្យស្ងួតម្ដងទៀត។
នៅមុនពេលយកកំប្លោកទៅត្បាញជាសម្ភារៈផ្សេងៗ សិប្បករយកកំប្លោកទៅឆ្ពុងនឹងចំហេះស្ពាន់ធ័រ ដើម្បីឲ្យដើមកំប្លោកទន់ ស និងគ្មានមេរោគ។ ការឆ្ពុងកំប្លោកត្រូវប្រើរយៈពេលពី២០ទៅ៣០នាទី។
សិប្បករកំពុងត្បាញកំប្លោកជារាងប្រអប់ ឬវត្ថុប្រើប្រាស់ផ្សេងៗ។ ដើម្បីត្បាញកំប្លោកឲ្យទៅជាសម្ភារៈប្រើប្រាស់ផ្សេងៗ សិប្បករត្រូវច្នៃម៉ូដ និងផលិតពុម្ពនៃវត្ថុទាំងនោះជាមុនសិន។
អ្នកស្រី សូរ សម្បត្តិ បង្ហាញកាបូបយួរដៃស្ដ្រី ដែលផលិតពីកំប្លោក នៅក្នុងសិប្បកម្មរបស់អ្នកស្រី នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។
រូបភាព & វីដេអូ៖ ក្រុមការងារផ្លូវទៅស្រុក
អត្ថបទ៖ សុខ សុវត្ថិ