ចំណតរថយន្តក្រោមដី នឹងត្រូវសាងសង់នៅពីក្រោមសួនច្បារមួយកន្លែងនៅភ្នំពេញ
- 2018-06-28 13:08:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណតរថយន្តក្រោមដី នឹងត្រូវសាងសង់នៅពីក្រោមសួនច្បារមួយកន្លែងនៅភ្នំពេញ
ចន្លោះមិនឃើញ
អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងសាងសង់ចំណតរថយន្តក្រោមដី នៅក្រោមសួនច្បារ មិត្តភាព កម្ពុជា-ថៃ ដែលស្ថិតនៅមុខស្ថានទូតអាមេរិក ខាងលិចវត្តភ្នំ។ គម្រោងសាងសង់ចំណតរថយន្តក្រោមដីនេះ ត្រូវបានប្រកាសក្នុងជំនួបសម្តែងការគួរសម រវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្រោយការស្ថាបនាចំណតរថយន្តក្រោមដីថ្មីនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយស្ថានទូតថៃ នឹងស្ថាបនាសួនច្បារឡើងវិញ ដោយរក្សាទ្រង់ទ្រាយដើម ហើយមានការមើលថែពីក្រុមអ្នកបច្ចេកទេសមកពីប្រទេសថៃ។
លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ទៀតថា គម្រោងសាងសង់ចំណតរថយន្តក្រោមដី មិនប៉ះពាល់ដល់ដើមឈើ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថៃ ដាំរួមគ្នានោះទេ ដោយសារតែដើមឈើទាំងនោះ ស្ថិតនៅលើសួនច្បារប៉ែកខាងលិច រីឯចំណតក្រោមដី នឹងត្រូវធ្វើនៅប៉ែកខាងកើត ទល់មុខស្ថានទូតអាមេរិក ប្រចាំកម្ពុជា។
លោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានបញ្ជាក់ថា ដោយសារតែតម្រូវការជាក់ស្តែងរបស់រាជធានីភ្នំពេញ ដែលខ្វះចំណតរថយន្ត ភាគីថៃមិនមានអ្វីជំទាស់នឹងគម្រោងសាងសង់ចំណតរថយន្តក្រោមដីនោះឡើយ។ លោក បានស្នើឲ្យអ្នកជំនាញ រួមគ្នាសិក្សាឲ្យបានល្អិនល្អន់ ដើម្បីរក្សាបាននូវទ្រង់ទ្រាយដើមរបស់សួនមិត្តភាពកម្ពុជា-ថៃ។
សួនច្បារមិត្តភាព កម្ពុជា-ថៃ ត្រូវបានសម្ពោធជាផ្លូវ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានវត្តមានសម្តេចតេជោ ហ៊ុនសែន និងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា។ សួនច្បារនេះ ស្ថិតនៅខាងលិចវត្តភ្នំ មានប្រវែងជាង ៤៥០ ម៉ែត្រ ទទឹង ៣១ម៉ែត្រ លាតសន្ធឹងពីមុខស្ថានទូតអាមេរិក ដល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អាជ្ញាធររាជធានីភ្នំពេញ ទើបតែសាងសង់រួចរាល់នូវចំណតក្រោមដី ស្ថិតនៅក្រោមសួនច្បារផ្សារចាស់ ដែលនៅមុខស្ថានីយរថភ្លើង ចន្លោះពីអគារខ្ពស់វឌ្ឍនៈ និងអគារកាណាឌីយ៉ា។ ចំណតរថយន្តក្រោមដីនោះ មិនទាន់សម្ពោធបើកឲ្យដំណើរការជាផ្លូវការនៅឡើយទេ៕