ពិធី​ផ្ទេរ​តំណែង​ដល់​លោក សៅ សុខា និង​លោក ហ៊ុន ម៉ាណែត ​ត្រូវ​បាន​ប្រកាសជាផ្លូវការ​នៅ​ព្រឹក​នេះ

  • 2018-06-30 01:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធី​ផ្ទេរ​​ និង​ប្រគល់​តំណែង​ថ្នាក់​ដឹកនាំ​ក្រសួង​ការពារ​ជាតិ និង​ថ្នាក់​ដឹកនាំ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ​ដូចជា នាយ​ឧត្តម​សេនីយ៍ ប៉ុល សារឿល នាយឧត្តម​សេនីយ៍ គន់ គីម នាយឧត្តមសេនីយ៍ មាស សុភា នាយឧត្តមសេននីយ៍ សៅ សុខា និង​លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រកាស​ជាផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ក្រោម​អធិបតីភាព​សម្តេច ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ។

សម្តេច ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ផ្ទេរ​​ និង​​ប្រគល់​​តំណែង​​ថ្នាក់​​ដឹកនាំ​​ក្រសួង​​ការពារ​​ជាតិ និង​ថ្នាក់​ដឹកនាំ​​អគ្គ​បញ្ជា​ការដ្ឋាន​​កង​ទ័ព​​ជើង​គោក នៅ​​ព្រឹក​​ថ្ងៃ​​សៅរ៍ ទី​៣០ ខែ​​មិថុនា ឆ្នាំ​​២០១៨ នៅ​សាល​ប្រជុំ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី។
សម្តេច ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា ការ​ផ្ទេរប្រគល់តំណែងជូននាយឧត្តមសេនីយ៍ សៅ សុខា និង​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺ​ធ្វើឡើង​អនុវត្ត​ត្រឹមត្រូវ តាម​នីតិវិធី ច្បាប់​តម្រូវ។ ហើយ​​ដោយសារ​តម្រូវការ​មួយ​ចំនួន គឺមានអ្នកដឹកនាំ​ខ្លះ​ត្រូវ​ទទួល​ភារកិច្ច​តាម​ច្បាប់​តម្រូវ​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ និង​ជិត​ដល់​ពេល​ឃោសនា​បោះឆ្នោត ដូច្នេះ​ត្រូវ​សុំច្បាប់ពិសេសមុនមួយសប្តាហ៍។ នៅពេលដែលចេញទៅត្រូវតែមានអ្នកមកជំនួស។

សម្តេច ទៀ បាញ់ បានបញ្ជាក់ថា នៅពេលមិនទាន់ប្រកាសនិងផ្ទេរតំណែង គឺមានការរំជើបរំជួលខ្លាំង និងមានការបកស្រាយផ្សេងៗ ប៉ុន្តែវាអនុវត្តត្រឹមត្រូវ តាមនីតិវិធី។

សូម​ជម្រាប​ថា នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស ត្រូវបាន​ប្រគល់​ភារកិច្ច​ធ្វើជា​អគ្គ​មេ​បញ្ជាការ​ស្ដីទី នៃ​កង​យោធពល​ខេមរ​ភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ពី​នាយ​ឧត្តម​សេនីយ៍ ប៉ុល សារឿន អគ្គ​មេបញ្ជាការ នៃ​កងយោធពលខេមរភូមិន្ទ។ ការ​ប្រគល់​ភារកិច្ច​នេះ គឺ​ក្រោយពី​នាយឧត្តមសេនីយ៍ ប៉ុល សារឿន ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្រ្ដ សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៦ ខាងមុខ​នេះ។ ការឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្រ្ដ គឺ​តម្រូវ​ឱ្យ​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវព្យួរ​តំណែង​សិន ព្រោះ​ច្បាប់​បាន​កំណត់​ថា យោធា ត្រូវតែ​ព្យួរ​ឈ្មោះ ឬ​តំណែង​ជាមុនសិន មុនឈរ​ឈ្មោះ​បោះឆ្នោត។

ការប្រគល់ភារកិច្ចជាអគ្គ​មេ​បញ្ជាការ​ស្ដីទី នៃ​កង​យោធពល​ខេមរ​ភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ជូននាយ​ឧត្តមសេនីយ៍ សៅ សុខា

រីឯ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយ​រង​សេនា​ធិការ​ចម្រុះ និងជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក ទទួល​ភារកិច្ច​ជា​នាយ​សេនា​ធិការ​ចម្រុះ​ស្ដីទី និងជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ស្តីទី ពី​លោក​នាយឧត្តមសេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការ​រង និង​នាយ​សេនាធិការ​ចម្រុះ និង​លោកនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងទ័ព​ជើងគោក។ ការ​​ប្រគល់​ភារកិច្ច​នេះ គឺ​ក្រោយ​ពេល​​លោក គន់ គីម និង​​លោក មាស សុភា បាន​​ឈរ​ឈ្មោះជា​​បេក្ខជន​​តំណាងរាស្រ្ត នៅក្នុង​ការ​​បោះឆ្នោត​​ខាងមុខនេះ​ផងដែរ៕

ការប្រគល់ភារកិច្ច​ជា​នាយ​សេនា​ធិការ​ចម្រុះ​ស្ដីទី និងជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ស្តីទី ជូនដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;