វៀតណាម​ទាមទារ​ឲ្យ Facebook កែប្រែ​កំហុស​ពាក់ព័ន្ធ​នឹង​ផែនទី​ទឹក​ដី

  • 2018-07-03 00:27:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​វៀតណាម បាន​ប្រកាស​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ Facebook ចាត់​វិធានការ​ភ្លាមៗ ដើម្បី​កែតម្រូវ​ផែនទី​នៃ​ប្រទេស​របស់​ខ្លួន ដែល​មិន​បាន​រួម​បញ្ចូល​ប្រជុំ​កោះ Paracel (វៀតណាម​ហៅ​ថា Hoang Sa) និង​ប្រជុំ​កោះ Spratly (Truong Sa)។ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​ក្រសួង​ព័ត៌មាន និង​គមនាគមន៍​វៀតណាម ដែល​បាន​ផ្ញើ​សារ​ទៅ​កាន់ Facebook កាល​ពី​ថ្ងៃ​ទី​១ កក្កដា ២០១៨។

នៅ​លើ​ផែនទី​​​របស់ Facebook បង្ហាញ​ថា ប្រជុំ​កោះ​ទាំង​២​ដែល​នៅ​ក្នុង​ដែន​​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​ទឹក​ដី​របស់​ប្រទេស​ចិន ដោយ​វា​មិនមែន​ត្រូវ​បាន​​កាន់កាប់​ដោយ​​​វៀតណាម​នោះ​ឡើយ។ ផែនទី​នេះ​បាន​បង្ក​ជា​ក្ដី​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង​ចំពោះ​ប្រជាពលរដ្ឋ​វៀតណាម ជា​ពិសេស​នោះ​គឺ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ផ្ទាល់​តែ​ម្ដង។

ជា​ការ​ឆ្លើយ​តប​នឹង​បញ្ហា​នេះ តំណាង​របស់ Facebook បាន​បកស្រាយ​ថា វា​គឺ​ជា​ភាន់​ច្រឡំ ដែល​បណ្ដាល​មក​ពី​កំហុស​​បច្ចេកទេស ហើយ​វា​​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គោល​បំណង​នយោបាយ​ណា​មួយ​ទេ។ Facebook នឹង​ស៊ើប​អង្កេត​ពី​បញ្ហា​ដែល​កើត​ឡើង ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ឲ្យ​បាន​ឆាប់។

សូម​បញ្ជាក់​ថា ជា​រឿយៗ វៀតណាម​តែង​ប្រកាស​ដល់​អន្តរជាតិ​ថា ប្រជុំ​កោះ Paracel និង Spratly ជា​អធិបតេយ្យ​ភាព​របស់​ខ្លួន ដោយ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាប់​ពេញ​លេញ និង​ភស្ដុតាង​​ជា​ប្រវត្តិសាស្ត្រ។ រាល់​សកម្មភាព​ដែល​បំពាន​លើ​អធិបតេយ្យភាព​​នេះ ត្រូវវៀតណាម​ចាត់​ទុក​ជា​ការ​ប្រឆាំង​ទៅ​នឹង​ច្បាប់​អន្តរជាតិ ដែល​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​លើ​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS) ផង​ដែរ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;