សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក ឈានដល់ការអនុវត្តជាក់ស្ដែងហើយ នៅយប់នេះ
- 2018-07-05 04:07:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក ឈានដល់ការអនុវត្តជាក់ស្ដែងហើយ នៅយប់នេះ
ចន្លោះមិនឃើញ
ជាច្រើនខែក្រោយការគំរាមគ្នាទៅវិញទៅមករវាងអាមេរិកជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ និងចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ នៅពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដា ២០១៨នេះ វិធានការពន្ធដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លាររបស់អាមេរិក លើទំនិញរបស់ចិន នឹងចូលជាធរមានហើយ។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានគំរាមដំឡើងពន្ធ ២៥% លើទំនិញនាំចូលរបស់ចិន ដែលមានទំហំទឹកប្រាក់សរុប ៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែតាមបញ្ជី មានតែទំនិញ ៨១៨មុខ ដែលមានទំហំទឹកប្រាក់ ៣២ពាន់លានដុល្លារប៉ុណ្ណោះ ដែលត្រូវកំណត់ពន្ធ។ មកដល់ពេលនេះ អាមេរិកកំពុងពិនិត្យលើទំនិញចិន ២៨៤មុខបន្ថែមទៀត ដែលមានទំហំទឹកប្រាក់ ១៦ពាន់លានដុល្លារ ដើម្បីកំណត់ពន្ធបន្ថែម ដែលសរុបទាំងអស់ គឺជិត ៥០ពាន់លានដុល្លារ ដូចការលើកឡើងរបស់លោក ត្រាំ។
ប៉ុន្ដែជាមួយគ្នានេះ ក្រុងប៉េកាំងក៏បានប្រកាសសងសឹកអាមេរិកវិញផងដែរ ដោយចាត់វិធានការពន្ធប្រឆាំងនឹងវិធានការពន្ធរបស់អាមេរិក។ ចិនបានប្រកាសកំណត់ពន្ធលើទំនិញនាំចូលរបស់អាមេរិក ដែលមានទំហំទឹកប្រាក់ ៣០ពាន់លានដុល្លារ។ វិធានការពន្ធនេះ នឹងចូលជាធរមាននៅថ្ងៃទី៦ ខែកក្កដា ២០១៨ ស្អែកនេះផងដែរ។
ជាងនេះទៅទៀត មហាយក្សចិនក៏គ្រោងចាត់វិធានការពន្ធដែលមានទំហំទឹកប្រាក់ ១៥ពាន់លានដុល្លារបន្ថែមទៀតលើការនាំចូលប្រេងឆៅ និងសារធាតុគីមីរបស់អាមេរិកផងដែរ៕