ចិន ផ្តល់​កម្ចី​ជិត ២៦០លាន​ដុល្លារ​ឱ្យ​កម្ពុជា សម្រាប់​សាង​សង់ផ្លូវ​ក្រវាត់​ក្រុង​ទី៣

  • 2018-07-20 04:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ​នីហ័រណ-អាហរ័ណ​ចិន កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៨ បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​នូវ​ទឹក​ប្រាក់​ចំនួន ២៥៩លានដុល្លារ សម្រាប់​ហិរញ្ញប្បទាន​ដល់​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុងទី៣។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៨។

គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣នេះ មាន​ប្រវែង​សរុប ៤៧,៦ គីឡូម៉ែត្រ និង​មាន​ទទឹង​តួ​ផ្លូវ​សរុប ២៥​ម៉ែត្រ។ ក្នុងនោះ ​ផ្លូវ​រថយន្ត​មាន​ ៤​គន្លង (២ទៅ ២មក) មាន​ទទឹង ៣,៥០ ម៉ែត្រ​ក្នុង​មួយ​គន្លង និង​ផ្លូវ​ទោចក្រ​យានយន្ត ២​គន្លង (១ទៅ ១មក) មាន​ទទឹង ២,២៥​ម៉ែត្រ​ក្នុងមួយគន្លង។

រូបគំរូនៃផ្លូវក្រវាត់ក្រុងទី៣ (រូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
គម្រោង​នេះ គឺ​ត្រូវសាងសង់​ចាប់​ពីផ្លូវជាតិ​លេខ ៤ ម្តុំ​អូរដឹម ត្រង់​គីឡូម៉ែត្រ​លេខ ១៤+​១០៥ ទៅ​ចំណុច​បញ្ចប់​ភ្ជាប់នឹង​ផ្លូវជាតិ​លេខ១ ​ត្រង់​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ដោយ​ភ្ជាប់ទៅ​នឹង​កំពង់ផែ​ភ្នំពេញ​ថ្មី។ ផ្លូវ​នេះ ​ឆ្លង​កាត់​ផ្លូវ​ជាតិលេខ៣​ ផ្លូវ​ជាតិ​លេខ​​២ និង​ផ្លូវ​ជាតិ​លេខ​២១ ព្រមទាំង​មាន​ផ្លូវ​ខ្នែង​ប្រវែង​ ៥,៣៧៥ គីឡូម៉ែត្រ​ផងដែរ។ ចំណែក​​កំណាត់ផ្លូវ​​ដែល​ភ្ជាប់ពី​ផ្លូវជាតិ​លេខ​៥ (ចំណុច​ស្ពាន​ព្រែកព្នៅ) ទៅ​ផ្លូវ​ជាតិលេខ៤ នៃ​ផ្លូវ​ក្រវាត់​ក្រុងទី៣​នេះ ត្រូវ​បាន​សាងសង់​រួចរាល់​ហើយ ដោយ​សាលា​រាជធានី​ភ្នំពេញ។

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ក្នុង​នាម​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​កិច្ចសន្យា​សាងសង់​ជាមួយ​ក្រុមហ៊ុន​សំណង់​សៀងហៃ​ចិន ក្នុងការ​អនុវត្ត​ការងារ​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី៣​នេះ ដែលនឹង​មាន​ការ​ត្រួត​ពិនិត្យ​បច្ចកទេស​ដោយ​ក្រុមហ៊ុន​ក្វាងចូវ​វ៉ាន់អាន មកពី​ប្រទេស​ចិន​ផងដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ផ្លូវ​នេះ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​រួមចំណែក​ដល់ការ​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ផង និង​ការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្មរ​បស់​ប្រទេស​​កម្ពុជា និង​ជា​ខ្សែផ្លូវថ្មី​មួយទៀត​បន្ទាប់ពី​ផ្លូវ​ក្រវាត់ក្រុង​ទី​២ ដែល​កំពុង​ដំណើរការ​​សាងសង់​ផង៕

រូបគំរូនៃផ្លូវក្រវាត់ក្រុងទី៣ ដែលភ្ជាប់​ជាមួយស្ពាន​ព្រែក​សំរោង ក្រុងតាខ្មៅ (រូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)

អត្ថបទទាក់ទង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;