ក្រសួង​ធនធាន​ទឹក ធ្វើ​អន្តរាគមន៍​ទប់ស្កាត់​ទឹក​ជំនន់ មិនឱ្យ​ហូរចូល​រាជធានី​ភ្នំពេញ

  • 2018-07-20 12:11:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​បញ្ជាក់​នៅថ្ងៃទី​២០​កក្កដានេះ​ថា បើទោះ​បីជា​ទឹកជំនន់​នៅក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ធូរស្រាល​បន្តិច​ក្តី ប៉ុន្តែ​ពេលនេះ ទឹក​កំពុង​ហូរ​ធ្លាក់​យ៉ាង​គំហុក​ទៅកាន់​ផ្នែក​ខាងក្រោម តាម​ស្ទឹង​ព្រែកត្នោត និង​កំពុង​គំរាម​កំហែង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល។ ចំពោះ​មុខ​បញ្ហានេះ លោក​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់ ចុះ​ទប់ទល់​ជាមួយ​នឹង​ទឹក​ជំនន់​នៅតាម​ទំនប់​សណ្តរ​ស្ទឹង​ព្រែកត្នោត ដើម្បី​ការពារ​កុំឱ្យ​មាន​ការ​ហូរច្រោះ លិច​ចូល​តំបន់​ទំនាប​ក្នុង​ភូមិសាស្ត្រ​រាជធានី-ខេត្ត​ទាំង២។

លោកលឹម គានហោ ដឹកនាំកម្លាំងធ្វើអន្តរាគមន៍ទប់ទល់នឹងទឹកជំនន់ស្ទឹងព្រែកត្នោត នាថ្ងៃទី២០កក្កដា ២០១៨។ រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម
លោក​រដ្ឋមន្រ្តី បាន​រៀបចំ​ឱ្យ​មាន​ក្រុម​ប្រចាំ​ការ ២៤​ម៉ោង​លើ ២៤​ម៉ោង ដើម្បី​តាមដាន និង​ធានា​នូវ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ ។ លោក​ថា កម្សួល​ទឹក​នេះ ត្រូវការ​រយៈពេល​ប្រមាណ ១០-១២ ម៉ោង​ទៀត ទើបបាន​ធូរស្រាល​ទៅវិញ ។ ជាមួយគ្នា​នេះ មន្ត្រី​បច្ចេកទេស​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ធ្វើ​អន្តរាគមន៍​ទប់ទល់​នឹង​ជំនន់​ស្ទឹង​ព្រែកត្នោត នៅ​ចំណុច​សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ ដើម្បី​ការពារ​កុំឱ្យ​ទឹក​ជំនន់​ស្ទឹង​ព្រែក​ត្នោត ហូរ​ចូល​រាជធានី​ភ្នំពេញ ។

ក្រសួង​ធនធានទឹក បាន​ឲ្យដឹងថា គិត​ត្រឹម​រសៀល​ថ្ងៃទី​២០​កក្កដា លោក លឹម គានហោ បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​ទម្លាក់​ទ្វារទឹក​រលាំង​ជ្រៃ ចំនួន ០២​ទ្វារ ចុះ​បន្ថែម​ចំនួន ១​ម៉ែត្រ​ទៀត។ ដូចនេះ ទ្វារ​ទឹក​រលាំង​ជ្រៃ ចំនួន ០២​ទ្វារ ត្រូវបាន​ទម្លាក់ចុះ​បាន ចំនួន ០៣​ម៉ែត្រ បន្ទាប់ពី​ស្ថានភាព​ទឹកជំនន់​នៅផ្នែក​ខាងលើ មាន​សភាព​កាន់តែ​ធូរ​ស្រាល។ សូម​ជម្រាប​ថា ទ្វារទឹក​រលាំង​ជ្រៃ មាន​សរុប​ចំនួន ៥​ទ្វារ ដោយទ្វារ​នីមួយៗ​មាន​ទទឹង ១២​ម៉ែត្រ និង​កម្ពស់ ០៧​ម៉ែត្រ។

ទោះជា​យ៉ាងណា ជំនន់​ទឹកភ្លៀងដែល​ហូរ​ពី​តំបន់​ខាងលើ​នៅខេត្ត​កំពង់ស្ពឺ បាន​​ធ្វើឱ្យ​ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​ដង្កោ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ដងស្ទឹង​ព្រែកត្នោត បាន​ជន់លិចហើយ​នៅថ្ងៃនេះ៕

ទឹកជំនន់​ក្នុងខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី២០កក្កដា ២០១៨។ រូបថត៖ រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;