ខេត្ត​ព្រះសីហនុ នឹង​មាន​អគារ​ពាណិជ្ជកម្ម​ពហុមុខងារ​នៅ​ជាប់​មាត់​សមុទ្រ

  • 2018-08-02 09:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រមហ៊ុន​ចិន Prince Real Estate Group បាន​បោះទុន​វិនិយោគ​រាប់រយ​លាន​ដុល្លារ ដើម្បី​សាងសង់​អគារ​ពាណិជ្ជ​កម្ម​ពហុមុខងារ​នៅ​លើ​ឆ្នេរជ័យជម្នះ ក្នុង​ខេត្ត​ព្រះសីហនុ។ ការវិនិយោគនេះ គឺដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​តម្រូវការ​របស់​ភ្ញៀវទេសជាតិ និង​អន្តរជាតិ ពិសេស​គឺ​ភ្ញៀវទេសចរ​ចិននៅ​កម្ពុជា ដែល​នឹង​អាចកើនឡើង​ដល់ ២​លាន​នាក់​នៅ​ឆ្នាំ២០២០ ខាង​មុខ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា។

រូបភាព៖ AKP
ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ជាផ្លូវការ​នូវ​អគារ​ពាណិជ្ជកម្ម​ពហុមុខងារ ព្រីនស៍ ធាន ស៊ី វ៉ាន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ លោក ឈីវ គួរស៊ីញ ប្រធាន​ប្រតិបត្តិ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប និង​លោក Li Min អគ្គនាយកក្រុមហ៊ុន បាន​បញ្ជាក់​ថា គម្រោង​ព្រីនស៍ ធាន ស៊ី វ៉ាន មាន​ទំហំ​សរុប​ជាង ៣០​ម៉ឺន​ម៉ែត្រ​ការ៉េ រចនា​ដោយ​ក្រុមហ៊ុន​អន្តរជាតិ​លំដាប់​កំពូល។ គម្រោង​ពហុ​មុខងារ​នេះ​រួម​មាន សណ្ឋាគារ​លំដាប់​ផ្កាយ៥-៦ សណ្ឋាគារ​ប៊ូទិក អាផាតមេន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម ដែល​នឹង​ផ្តល់​ជូន​នូវ​សេវាកម្ម​លំនៅឋាន និង​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ។

លោក​បាន​បន្ថែម​ទៀត​ថា គម្រោង​នេះ​ក៏​មាន​រួម​បញ្ចូល​នូវ​ផ្សារទំនើប សាលពិព័រណ៍ សាល​សន្និសីទ​អន្តរជាតិ លំនៅឋាន សេវាកម្ម ពាណិជ្ជកម្ម ភោជនីយដ្ឋាន អាងហែលទឹកទំនើប ក្លិបទូកល្បឿនលឿន ជាពិសេស​គម្រោង​ក៏​មាន​នូវ​ចំណត​រថយន្ត​ដ៏​ទំនើប និង​ធំ​ទូលាយ ២៥០០០​ម៉ែត្រការ៉េ​ផង​ដែរ។

សូម​បញ្ជាក់​ថា គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន មាន​ទីតាំង​ស្ថិតនៅ​លើ​ឆ្នេរ​ជ័យជម្នះ ខាង​កើត​ក្បែរ​សួនច្បារ​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ជាប់​នឹង​ឆ្នេរហាវ៉ៃ។ រីឯ​ខាង​ត្បូង​ជាប់​ទីតាំង​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន Emario ។ គម្រោង​នេះ នឹង​បញ្ចប់​ការ​សាងសង់​ជាផ្លូវការ​នៅ​កណ្ដាល​ឆ្នាំ២០២២៕

រូបភាព៖ AKP

ប្រភព៖ AKP ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;