ជប៉ុន រំលឹកខួប៧៣ឆ្នាំ នៃការទម្លាក់គ្រាប់បែកបរិមាណូរបស់អាមេរិក លើក្រុងហ៊ីរ៉ូស៊ីម៉ា
- 2018-08-06 07:12:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន រំលឹកខួប៧៣ឆ្នាំ នៃការទម្លាក់គ្រាប់បែកបរិមាណូរបស់អាមេរិក លើក្រុងហ៊ីរ៉ូស៊ីម៉ា
ចន្លោះមិនឃើញ
នៅថ្ងៃទី៦សីហា ២០១៨នេះ ប្រជាជនក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន បានធ្វើពិធីរំលឹកខួបលើកទី៧៣ នៃការទម្លាក់គ្រាប់បែកបរិមាណូរបស់អាមេរិក មកលើក្រុងនេះ។ ពិធីនេះធ្វើឡើងនៅសួន Peace Memorial ដោយមានអ្នកចូលរួមប្រហែល ៥ម៉ឺននាក់ ក្នុងនោះគឺមានអ្នកតំណាងមកពីប្រទេសចំនួន ៨៥ ព្រមទាំងអ្នកនៅរស់រានពីការទម្លាក់គ្រាប់បែកនេះផងដែរ។
អ្នកចូលរួម បានស្ងៀមស្ងាត់នៅអំឡុងម៉ោង ៨:១៥នាទីព្រឹក ដើម្បីរំលឹកដល់ម៉ោងជាក់លាក់ដែលគ្រាប់បែកបរិមាណឈ្មោះ "Little Boy" ត្រូវបានទម្លាក់ចេញពីយន្តហោះអាមេរិក មកលើក្រុងនេះ។
ចំណែកលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្ស៊ូ អាបេ បានថ្លែងក្នុងពិធីនេះដែរថា «ដើម្បីសម្រេចនូវពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ គឺយើងត្រូវការយល់ដឹងពីគ្រាប់បែកនុយក្លេអ៊ែរ ដែលអាចបង្កសោកនាដកម្មប៉ុណ្ណានោះ។ ចាប់ពីចំណុចនេះ យើងត្រូវការទទួលកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសដែលមាន និងប្រទេសដែលគ្មានអាវុធនុយក្លេអ៊ែរ»។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ យន្តហោះ B-29 របស់អាមេរិក បានទម្លាក់គ្រាប់បែកបរិមាណូដែលមានទម្ងន់ជាង ៤,៤តោន ទៅលើក្រុងហ៊ីរ៉ូស៊ីម៉ា បណ្តាលឱ្យមនុស្សប្រមាណ ១៤ម៉ឺននាក់ បានបាត់បង់ជីវិត។ ៣ថ្ងៃក្រោយមកទៀត គឺនៅថ្ងៃទី៩ ខែសីហា យន្តហោះអាមេរិក បានទម្លាក់គ្រាប់បែកបរិមាណូ១ទៀតឈ្មោះ "Fat Boy" ទម្ងន់ ៤,៦ តោន ទៅលើក្រុងណាហ្គាសាគី បណ្តាលឱ្យមនុស្សពីជិត ៤ម៉ឺន ទៅ ៨ម៉ឺននាក់ បានបាត់បង់ជីវិតផងដែរ៕