បច្ចុប្បន្ននេះ កម្ពុជា មាន​ស្ថានទូត​នៅ​ប្រទេស​ណាខ្លះ?

  • 2018-08-10 07:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​ប្រភព​ពី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឱ្យដឹងថា គិតមក​ត្រឹមខែ​សីហា ឆ្នាំ​២០១៨​នេះ កម្ពុជា បានដាក់​ស្ថាន​ឯកអគ្គរាជទូត​​នៅតាម​ប្រទេស​មួយចំនួន​ដូច​ខាងក្រោម​នេះ៖

ស្ថានទូតកម្ពុជា នៅក្រុងវ៉ាស៊ីងតោន (រូបថត៖ វិបសាយ DC-embassy-events)
១. ​ស្ថានទូត​កម្ពុជា នៅ​ប្រទេស​អូស្ត្រាលី៖ សម្រាប់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​អូស្ត្រាលី និង​ណូវែល​ហ្សេឡង់។

២. ​ស្ថានទូត​កម្ពុជា នៅ​ក្រុង​ប្រុចសែល ប្រទេស​បែលហ្សិក៖ សម្រាប់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​បែលហ្សិក អូទ្រីស ហុល្លង់ សហភាព​អឺរ៉ុប និង​លុចហ្សំបួ។

៣. ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ប្រ៊ុយណេ មាន​ទីតាំង​នៅក្រុង​បង់ដា​សេរី​បេកា​វ៉ាន់។

៤. ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ចិន មាន​ទីតាំង​នៅក្រុង​ប៉េកាំង។ ក្រៅពី​នេះ កម្ពុជា ក៏មាន​ស្ថាន​អគ្គកុងស៊ុល​ចំនួន៧​ផងដែរ នៅ​ប្រទេសចិន​គឺនៅ​ឆុងឆេង (Chongqing), ក្វាងចូវ, ហុងកុង, គុនមីង, ណាននីង, សៀងហៃ និង​ស៊ីអាន។

៥. ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​គុយបា មាន​ទីតាំងនៅ​ក្រុង​ហាវ៉ាណា។

៦. ស្ថានទូត​កម្ពុជា នៅក្រុង​ហ្គីសា ប្រទេស​អេហ្ស៊ីប៖ សម្រាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​អេហ្ស៊ីប និងអ៊ីស្រាអែល។

៧. ស្ថានទូត​កម្ពុជា នៅក្រុង​ប៉ារីស ប្រទេស​បារាំង៖ សម្រាប់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​បារាំង កោះស៊ីប ក្រិច អ៊ីតាលី ម៉ាល់តា ព័រទុយហ្គាល់ ស៊ែប៊ី អេស្ប៉ាញ និង​អង់ដូរ៉ា។ (សម្រាប់​ស៊ែប៊ី ពេលនេះ កម្ពុជា សម្រេច​ដាក់​ស្ថានទូត​ក្នុង​ប្រទេស​នេះ​ហើយ)។ កម្ពុជា ក៏មាន​​ស្ថាន​​បេសកកម្ម​អចិន្រៃ្តយ៍​ប្រចាំ​អង្គការយូណេស្កូ ​នៅក្រុង​ប៉ារីស​ផងដែរ។

៨. ស្ថានទូត​កម្ពុជា នៅក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់៖ សម្រាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​អាល្លឺម៉ង់ សាធារណរដ្ឋ​ឆេក ហុងគ្រី ប៉ូឡូញ ស្លូវ៉ាគី និង​ស្លូវ៉េនី។

៩.ស្ថានទូត​កម្ពុជា នៅ​ក្រុង​ញ៊ូវដេលី ប្រទេស​ឥណ្ឌា៖ សម្រាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ឥណ្ឌា បង់ក្លាដែស ស្រីលង្កា ប៉ាគីស្ថាន និង​អ៊ីរ៉ង់។

១០. ស្ថានទូត​កម្ពុជា នៅ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។ កម្ពុជា ក៏មាន​​ស្ថាន​​បេសកកម្ម​អចិន្រៃ្តយ៍​​ប្រចាំ​អាស៊ាន ​នៅក្រុង​នេះ​ផងដែរ។

១១. ស្ថានទូត​កម្ពុជា ប្រចាំនៅ​ប្រទេសជប៉ុន មាន​ទីតាំង​នៅក្រុងតូក្យូ។

១២. ស្ថានទូត​កម្ពុជា នៅប្រទេស​គូវែត៖ សម្រាប់​ទំនាក់​ទំនងជាមួយ​ប្រទេសគូវែត បារ៉ែន កាតារ អារ៉ាប់រួម និងអូម៉ង់។

១៣. ស្ថានទូត​កម្ពុជា ប្រចាំ​នៅប្រទេស​កូរ៉េខាងជើង មានទីតាំង​នៅក្រុងព្យុងយ៉ាង។

១៤. ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេសកូរ៉េខាងត្បូង មានទីតាំងនៅក្រុងសេអ៊ូល។

១៥. ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេសឡាវ មានទីតាំងនៅក្រុង​វៀងចន្ទន៍។ កម្ពុជា ក៏មាន​ស្ថានអគ្គកុងស៊ុល ប្រចាំនៅ​ក្រុងប៉ាក់សេ ខេត្តចម្ប៉ាសាក់ ផងដែរ។

១៦. ស្ថានទូតកម្ពុជា ប្រចាំ​នៅប្រទេស​ម៉ាឡេស៊ី មានទីតាំងនៅក្រុងគូឡាឡាំពួរ។

១៧. ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា មាន​ទីតាំង​នៅក្រុងយ៉ង់ហ្គូន។

១៨. ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន មាន​ទីតាំងនៅក្រុងម៉ានីល។

១៩. ស្ថាន​ទូតកម្ពុជា នៅក្រុងមូស្គូ ប្រទេសរុស្ស៊ី៖ សម្រាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​រុស្ស៊ី បេឡារុស ប៊ុលការី អេស្តូនី ឡាតវី លីទុយអានី និង​រ៉ូម៉ានី។ (សម្រាប់​ប៊ុលការី កម្ពុជា បាន​សម្រេច​ដាក់ស្ថានទូត​ក្នុង​ប្រទេស​នេះ​ហើយ)

២០. ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​សិង្ហបុរី។

២១. ស្ថានទូតកម្ពុជា ប្រចាំ​នៅ​ប្រទេស​ស្វីស មាន​ទីតាំង​នៅក្រុង​ហ្សឺណែវ។

២២. ស្ថានទូតកម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ មាន​ទីតាំង​នៅក្រុង​បាងកក។ កម្ពុជា ក៏មាន​ស្ថាន​អគ្គកុងស៊ុល​នៅ​ខេត្ត​ស្រះកែវ ផង​ដែរ។

២៣. ស្ថានទូត​កម្ពុជា នៅ​ក្រុងឡុងដ៍ ប្រទេសអង់គ្លេស៖ សម្រាប់​ទំនាក់ទំនងជាមួយចក្រភពអង់គ្លេស ដាណឺម៉ាក ហ្វាំងឡង់ ណ័រវ៉េ ស៊ុយអ៊ែត អៀរឡង់ និងអេត្យូពី។

២៤. ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក មាន​ទីតាំង​នៅក្រុង​វ៉ាស៊ីងតោន។ កម្ពុជា ក៏​មាន​ស្ថាន​​បេសកកម្ម​អចិន្រៃ្តយ៍​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ នៅក្រុង​ញ៊ូវយ៉ក​ផងដែរ។ លោក ទុយ រី

២៥. ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​វៀតណាម មាន​ទីតាំង​នៅក្រុង​ហាណូយ។ កម្ពុជា ក៏មាន​ស្ថាន​អគ្គកុងស៊ុល នៅក្រុង​ហូជីមិញ ផងដែរ។

ក្រៅពីនេះ កម្ពុជា ក៏បាន​សម្រេច​ដាក់​ស្ថានទូត​នៅក្នុង​ប្រទេស​តួកគី​ផងដែរ៕

អត្ថបទទាក់ទងរាជរដ្ឋាភិបាល​បង្កើត​ស្ថានទូត​ប្រចាំ​ប្រទេស​៣ បន្ថែម​ទៀត

អត្ថបទ៖ សំភី

អត្ថបទថ្មី
;