អាមេរិក គ្រោង​តែងតាំង​មន្រ្តី​ជាន់ខ្ពស់​ការបរទេស ជា​​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា

  • 2018-08-12 02:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ គ្រោង​តែងតាំង​​លោក W. Patrick Murphy ជា​ឯក​អគ្គ​រដ្ឋទូតថ្មី​ប្រចាំ​នៅកម្ពុជា។ នេះបើតាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​អាមេរិក ​កាលពីថ្ងៃទី១០ សីហា ២០១៨។

ប្រសិន​បើ​សំណើ​តែងតាំង​ថ្មី​នេះ​ ត្រូវ​បាន​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​យល់​ព្រម នោះ​លោក W. Patrick Murphy នឹង​ត្រូវ​ជំនួស​លោក​ William Heidt ឯកអគ្គរដ្ឋ​ទូត​បច្ចុប្បន្ន​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅកម្ពុជា ​ដែល​ត្រូវ​ផុត​អាណត្តិ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​នោះ​មិន​បាន​បញ្ជាក់​អំពី​ពេលវេលា​លម្អិតនៃ​ដំណើរការ​តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​នេះ​ទេ។

លោក W. Patrick Murphy ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៧។ រូបថត៖ VOA News
សេចក្តី​ថ្លែង​ការណ៍​នោះ​បញ្ជាក់​ថា លោក Murphy​ មាន​អាជីព​ជា​អ្នក​ការ​ទូត​ជាន់​ខ្ពស់​មួយ​រូប ហើយ​សព្វ​ថ្ងៃលោក​មាន​តួនាទី​ជា​ឧបការី​រង​ចម្បង​ស្តី​ទី​រដ្ឋមន្ត្រី​ការ​បរទេស​ ​(Acting Principal Deputy Assistant Secretary) នៅ​ការិយាល័យ​កិច្ចការ​អាស៊ី​ខាងកើត​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។

លោក Murphy មាន​ដើម​កំណើត​ពី​រដ្ឋ Vermont នៅ​ភាគ​ឦសាន​សហរដ្ឋ​អាមេរិក ហើយ​បាន​បម្រើការ​អស់​រយៈ​ពេល​ជាង​២៥​ឆ្នាំនៅ​ក្នុងក្រុម​បុគ្គលិក​កិច្ចការ​ការទូត​ជាន់​ខ្ពស់ (Senior Foreign Service) ដោយ​រួម​មាន​តួនាទី​ជា​ឧបការី​រង​រដ្ឋមន្ត្រី​នៅ​ការិយាល័យ​កិច្ចការ​អាស៊ី​ខាងកើត​ និង​ប៉ាស៊ីហ្វិក​ពី​ឆ្នាំ​២០១៦​ដល់​២០១៨។

លោក​ជា​អនុប្រធាន​បេសកកម្ម​និង​ភារធារី​នៅ​ទីស្ថានទូត​ក្នុង​ក្រុង​បាងកក​ប្រទេស​ថៃ​ ពី​ឆ្នាំ​២០១៣​ដល់​២០១៦ និង​ជា​អ្នកតំណាង​ស្តី​ទី​ពិសេសនិង​ជា​អ្នក​សម្របសម្រួលគោលនយោបាយ​នៅ​ក្នុង​ស្ថានទូត​ប្រចាំប្រទេស​ភូមា​(មីយ៉ានម៉ា)​ពី​ឆ្នាំ​២០១២​ដល់​២០១៣ ជា​ដើម។

បើ​តាមប្រវត្តិរូប​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ លោក W. Patrick Murphy បានសញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ Johns Hopkins University និង​មហាវិទ្យាល័យ​យោធា​ជាន់​ខ្ពស់​ជាតិ National War College ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក​ Murphy ថែម​ទាំង​បាន​ទទួល​រង្វាន់​ការងារ​ជា​ច្រើន ហើយ​លោកចេះ​និយាយ​ភាសា​បារាំង ភូមា ចិន​កន្តាំង និង​ភាសា​អេស្ប៉ាញ៕

ប្រភព៖ VOA News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;