មីស៊ីល​ថ្មី​របស់​ចិន អាច​បាញ់​ដល់​ដែនដី​អាមេរិក និង​កម្ទេច​នាវា​ដឹក​យន្តហោះ​ចម្បាំង

  • 2018-08-15 07:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


DF-26 ជា​ប្រភេទ​មីស៊ីល​ថ្មី ដែល​ផលិត​ឡើង​ដោយ​រដ្ឋាភិបាល​ចិន ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​កង​កម្លាំង​ទ័ព​រ៉ុកកែត នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​វិបសាយ The National Interest។

វា​មាន​សមត្ថភាព​អាច​បាញ់​នៅ​រយៈ​ចម្ងាយ​ពី ៣០០០ ​ទៅ​ដល់ ៤០០០​គីឡូ​ម៉ែត្រ ហើយ​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ឬ​ក្បាល​ធម្មតា​ដល់​ទម្ងន់​ពី ១២០០ ដល់ ១៨០០​គីឡូ​ក្រាម។ បើ​និយាយ​ក្នុង​ន័យ​ប្រតិបត្តិការ​ជាក់ស្ដែង DF-26 អាច​បាញ់​ដល់​កោះ Guam ដែល​ជា​មូលដ្ឋាន​ទ័ព​អាកាស​អាមេរិក ឬ​ក៏​កម្ទេច​នាវា​បាន​គ្រប់​ប្រភេទ​នៅ​លើ​ផ្ទៃ​សមុទ្រ ដូចជា នាវា​ដឹក​យន្តហោះ​ចម្បាំង Nimitz និង Gerald R. Ford របស់​អាមេរិក ជា​ដើម។

លោក Wu Qian អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៦​មេសា​ថា មីស៊ីល DF-26 មាន​ឈ្មោះ​ពេញ​ហៅ​ថា "Dongfeng- 26" ដែល​មាន​ទម្ងន់​សរុប ២​ម៉ឺន​គីឡូក្រាម ជា​ប្រភេទ​មីស៊ីល​ខ្នាត​មធ្យម តែ​អាច​បាញ់​រយៈ​ចម្ងាយ​ឆ្ងាយ។ លោក Wu ថា លក្ខណៈ​ពិសេស​ចំនួន ៤ របស់​មីស៊ីល DF-26 មាន​ដូចជា៖

១. វា​ត្រូវ​បាន​ស្រាវជ្រាវ អភិវឌ្ឍ និង​ផលិត​ដោយ​ចិន​តែ​ម្នាក់​ឯង ហើយ​ចិន​មាន​កម្មសិទ្ធិបញ្ញា​ពេញ​លេញ​ទៅ​លើ DF-26។

២. វា​អាច​បំពាក់​ទាំង​ក្បាល​គ្រាប់​ធម្មតា និង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​មាន​សមត្ថភាព​ប្រឆាំង និង​វាយ​ប្រហារ ក្នុង​រយៈ​ចម្ងាយ​មធ្យម ឬ​ឆ្ងាយ​ទៅ​តាម​ការ​ចង់​បាន។

៣. វា​អាច​វាយ​ប្រហារ​បាន​ទាំង​គោលដៅ​នៅ​លើ​ដី និង​នៅ​លើ​ផ្ទៃ​ទឹក។

៤. បច្ចេកវិទ្យា​ថ្មីៗ​មួយ​ចំនួន ត្រូវ​បាន​បំពាក់​នៅ​លើ​មីស៊ីល DF-26 ដែល​ជួយ​បង្កើន​សមត្ថភាព​ផ្ដល់​ព័ត៌មាន និង​ការ​ធ្វើ​សមាហរណកម្ម​របស់​វា៕

ប្រភព៖ National Interest ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;