ករណីឆេះផ្សារ​រ៉ុងក្លឿ៖ ឆក់ខ្សែ​ភ្លើង ២​នាក់ និង​បំផ្លាញ​តូប​អស់​៨

  • 2018-08-19 01:09:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​២នាក់​បាន​សន្លប់ ដោយ​ឆក់​ខ្សែ​ភ្លើង​ និង​តូប​ចំនួន​៨ (​ក្នុង​ជួរ​អគារ B និង C) ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង ក្នុង​ហេតុការណ៍​ឆេះ​ផ្សារ​រ៉ុងក្លឿ ស្ថិតក្នុង​ស្រុកអារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាប់​ព្រំដែន​កម្ពុជា-ថៃ កាលពី​ថ្ងៃទី១៨​សីហា​ម្សិលមិញ។ នេះ​បើតាម​​ការឱ្យដឹង​ពីលោក សេម មករា នាយរង​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​​ជនរងគ្រោះ​ទាំង២​នាក់នេះ​ឡើយ។

លោក​បន្ត​ថា តូប​ទាំងនោះ​មាន​លក់​ទំនិញ​ដូចជា ហ្គីតា បាស់ ចាន ស្រោមពូកខ្នើយ ខ្សែក្រវាត់ គ្រឿង​ស្ពាន់ គ្រឿងឡាន ស្បែកជើង និង​ស្រោម​ជើង​ជាដើម។

ហេតុការណ៍ឆេះផ្សាររ៉ុងក្លឿ កាលពីថ្ងៃទី១៨សីហា ២០១៨។ រូបថត៖ អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ
អគ្គិភ័យ​នេះ បាន​កើតឡើង​នៅ​ម៉ោង ៦​ល្ងាច ហើយ​ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ថៃ និង​កាស៊ីណូ​នៅក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់​រហូតដល់​ម៉ោង ៧ និង​៤០នាទី​យប់ ទើប​រលត់​ទាំងស្រុង។

បើតាម​ការ​ចេញ​ផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ក្នុង​ចំណោម​តូប​ទាំង៨ ដែលរង​ការ​ឆាបឆេះ​នោះ ភាគច្រើន​គឺ​ជាតូប​ដែល​អាជីវករ​ខ្មែរ​លក់​មាន​ដូចជា ពូក​ កម្រាលពូក​ ផា​ហ៊ុម ម៉ុង​ និង​ភួយ។ ​តូប​ដែល​អាជីវករ​ខ្មែរ​ជួលនេះ មាន​តម្លៃ​ពី​១​ម៉ឺន​ទៅ​២​ម៉ឺន​បាត​ក្នុង​១​ខែ៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;