នាយឧត្តមសេនីយ៍ មាស សុភា លាលែងពីបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ
- 2018-08-20 03:02:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយឧត្តមសេនីយ៍ មាស សុភា លាលែងពីបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ
ចន្លោះមិនឃើញ
លោក មាស សុភា បេក្ខជនពេញសិទ្ធិនៅមណ្ឌលខេត្តព្រះវិហារ នៃគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យលាលែងជាបេក្ខជនតំណាងរាស្ត្រទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ចំណែកលោក សួស យ៉ារ៉ា ដែលជាបេក្ខជនបម្រុងលេខរៀងទី១ នៅមណ្ឌលខេត្តព្រះវិហារ ត្រូវបានជំនួសលោក មាស សុភា។
ចំណែកលោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា ការលាលែងពីបេក្ខជនតំណាងរាស្ត្ររបស់លោកនាយឧត្តមសេនីយ៍ មាស សុភា គឺនៅមិនទាន់ដឹងថា គាត់នឹងត្រូវមកកាន់តួនាទីអ្វីនៅឡើយទេ គឺជាក់ស្តែងរង់ចាំការប្រកាសរដ្ឋាភិបាលថ្មី។
រីឯលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ [ខ្លីៗ] ថា "នៅពេលដែលជាប់ជាតំណាងរាស្ត្រហើយ បើគាត់ទៅធ្វើការនៅកន្លែងផ្សេង គឺត្រូវលាលាលែងហើយ និងអ្នកតំណាងរាស្ត្រដែលមានបញ្ជីឈ្មោះបន្ទាប់ ត្រូវឡើងមកជំនួស នេះជាលក្ខខណ្ឌការងារដែលមានចែងនៅក្នុងច្បាប់"។
អ្នកនាំពាក្យបានបញ្ជាក់ថា នឹងមានតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា មួយចំនួនទៀតនឹងត្រូវលាលែង ពីព្រោះសមាសភាពគណៈរដ្ឋមន្ត្រីត្រូវយកចេញពីតំណាងរាស្ត្រជាប់ឆ្នោត ហើយនៅពេលដែលអ្នកណាដែលមានឈ្មោះជាសមាជិករាជរដ្ឋាភិបាល គឺត្រូវលាលែងហើយ។ លោកបន្ថែមថា ដោយសារមិនទាន់ចេញសមាសភាពគណៈរដ្ឋមន្ត្រី គឺនៅមិនទាន់ដឹងថា អ្នកណាខ្លះដែលត្រូវលាលែងទេ៕
អត្ថបទទាក់ទង៖ មេទ័ព ២រូប ជាប់ជាតំណាងរាស្រ្ដ អាណត្តិថ្មីនេះ