សម្ដេច ហ៊ុន សែន ពន្យល់ពីយន្តការ "ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់"
- 2018-08-21 05:02:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ហ៊ុន សែន ពន្យល់ពីយន្តការ "ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់"
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងចំពោះមុខថ្នាក់ដឹកនាំគណបក្សនយោបាយទាំង១៦ ដែលចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ នៅវិមានសន្ដិភាព នាព្រឹកនេះថា "ការអញ្ជើញជួបជុំនេះ គឺមិនមែនមកគាំទ្រគោលការណ៍នយោបាយគណបក្សប្រជាជនកម្ពុជានោះទេ ហើយមិនមែនជាផលប្រយោជន៍របស់រាជរដ្ឋាភិបាលនោះដែរ ប៉ុន្តែជាផលប្រយោជន៍ប្រជាពលរដ្ឋ”។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់តាមរយៈហ្វេសប៊ុករបស់លោក នៅថ្ងៃទី២១ ខែសីហា ២០១៨នេះ។
យន្តការនេះ អាចហៅកាត់ថា “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់”។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះមាន៖
ភារៈកិច្ច
១.ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល (ធាតុចូល)
២.ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាលមុនគណរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សានេះមានអត្តនោម័តធ្វើញាត្តជូនព្រឹទ្ធសភាតតំាង និងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា។
៣.ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តី។
៤. ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។
សមាសភាព និងយន្តការ
១.សមាសភាព ដោយស្ម័គ្រចិត្ត មកលើគណបក្សដែលបានចូលរួមបោះឆ្នោត អាណត្តិទី៦ ជាមួយនឹងការឯកភាពពីនាយករដ្ឋមន្រ្តី។
២.គណបក្សនីមួយៗមានតំណាង ២រូបដែលជាប្រតិភូ និងតែងតាំង ដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្រ្តី
៣.ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តបានគោលកាណ៍បន្តវេនមួយខែ ម្តងតាមលេខរៀងបញ្ជីបោះឆ្នោត។
៤.ត្រូវមានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ
៥. លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុងវិមានសន្តិភាព។
កិច្ចដំណើរការ
១. ប្រជុំមួយខែម្តង តាមការកោះប្រជុំ របស់ប្រធានបន្តវេន
២. ប្រជុំជាមួយនាយករដ្ឋមន្រ្តី ៦ខែម្តង ឬជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី
៣. ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាល៕