Google ត្រូវ​បាន​បង្កើត​ឡើង​ដោយសារ​ការ​ប្រកប​ឈ្មោះ​ច្រឡំ

  • 2018-09-04 07:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រវត្តិ​របស់ Google ចាប់​ផ្ដើម​ឡើង​នៅ​ខែ​មករា ឆ្នាំ​១៩៩៦ ដែល​គ្រា​នោះ​វា​ជា​គម្រោង​ស្រាវជ្រាវ​មួយ​បង្កើត​ឡើង​ដោយ​និស្សិត​ថ្នាក់​បណ្ឌិត​២​រូប​គឺ​លោក Larry Page និង​លោក Sergey Brin នៃ​សកល​វិទ្យាល័យ Stanford ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក។

អ្នក​ស្រាវជ្រាវ​ទាំង​២​ បាន​ហៅ​បច្ចេកវិទ្យា​ដែល​ខ្លួន​បង្កើត​នេះ​ថា "PageRank" ដែល​ជា​ប្រភេទ search engine ថ្មី អាច​កំណត់​​ឃើញ​នូវ​វិបសាយ​ជាប់​ពាក់ព័ន្ធ​ក្នុង page ជា​ច្រើន​ទំព័រ ដែល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​បាន​ស្វែង​រក។

ឈ្មោះ​ដំបូង​របស់ Google ដែល​លោក Page និង​លោក Brin ដាក់​ឲ្យ​គឺ "BackRub"។ យ៉ាង​ណា​មិញ ឈ្មោះ​នេះ​ប្រើ​មិន​បាន​ប៉ុន្មាន ក៏​ត្រូវ​ស្ថាបនិក​ទាំង​២​ប្ដូរ​ទៅ​ជា "Google" វិញ។ ឈ្មោះ "Google" នេះ​ទៀត​សោត​គឺ​មិន​មែន​លោក Page និង​លោក Brin ចង់​សរសេរ​បែប​នេះ​ឡើយ ពោល​គឺ​ឈ្មោះ​នេះ​បង្កើត​ឡើង​ដោយ​សារ​ការ​ប្រកប​អក្សរ​ខុស​របស់​អ្នក​ទាំង​២។ ឈ្មោះ​ដែល​អ្នក​ទាំង​២​ចង់​ប្រើ​នោះ​គឺ "Googol" ដែល​សំដៅ​ទៅ​លើ​ចំនួន​លេខ ១ ដែល​មាន​លេខ​សូន្យ (0) ចំនួន ១០០​នៅ​ពី​ក្រោយ។

ស្ថិត​ក្នុង​ដំណាក់​កាល​ទី​១ Google បាន​ជ្រក​នៅ​ក្រោម domain ផ្លូវការ​របស់​សកល​វិទ្យាល័យ Stanford។ Domain របស់ Google ពេល​នោះ មាន​ចំនួន ២ គឺ google.stanford.edu និង z.standford.edu។

លុះ​មក​ដល់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​១៩៩៧ Google ក៏​បាន​ចុះ​ឈ្មោះ​ប្រើ domain ផ្ទាល់​ខ្លួន​មួយ។ ចំណែក​ឯ​ក្រុមហ៊ុន​ផ្លូវការ Google ចាប់​ផ្ដើម​ដំណើរការ​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​១៩៩៨ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ហ្គារាស​​មួយ​កន្លែង​របស់​លោក​ស្រី Susan Wojcicki ដែល​ជា​មិត្តភ័ក្ដិ​លោក Page និង​លោក Brin៕

ប្រភព៖ google ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;