ថៃ​នឹង​ចាប់ផ្ដើម​ថត​កុន ដែល​និយាយ​ពី​ការ​សង្គ្រោះ​នៅ​ល្អាង​ភ្នំ​ថាមហ្លួង

  • 2018-09-10 08:27:59
  • ចំនួនមតិ 5 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


ភាពយន្ត​ស្ដី​ពី​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ក្រុម​កីឡាករ​វ័យ​ក្មេង​ចំនួន ១៣​នាក់​ពី​ល្អាង​ភ្នំ​ថាមហ្លួង នឹង​ត្រូវ​ចាប់​ផ្ដើម​ថត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ខាង​មុខ។ នេះ​ជា​គំនិត​ផ្ដួចផ្ដើម​ដោយ​លោក Tom Waller អ្នក​ផលិត​ខ្សែ​ភាពយន្ត​ជនជាតិ​ថៃ ដែល​មាន​ដើម​កំណើត​អៀរឡង់។

លោក Tom Waller បាន​ប្រាប់​សារព័ត៌មាន Bangkok Post កាល​ពី​ចុង​សប្ដាហ៍​មុន​ថា រឿង​ថ្មី​នេះ​នឹង​មាន​ចំណង​ជើង​ថា "Nang Non" ជា​ភាសា​ថៃ និង "The Cave" ជា​ភាសា​អង់គ្លេស។ លោក​បន្ថែម​​ថា វា​នឹង​ក្លាយ​ជា​ភាពយន្ត​ដំបូង​គេ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ជួយ​សង្គ្រោះ​ក្រុម​កីឡាករ​វ័យ​ក្មេង ១២​នាក់ និង​គ្រូ​បង្វឹក​ម្នាក់ ដែល​ជាប់​ខ្លួន​នៅ​ក្នុង​ល្អាង​ថាមហ្លួង​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា​កន្លង​ទៅ។ លោក​ថា បច្ចុប្បន្ន​មាន​អ្នក​ផលិត​រឿង​យ៉ាង​ហោច​ណាស់​ចំនួន ៥​រូប ហើយ​ភាគ​ច្រើន​ជា​អន្តរជាតិ ដែល​កំពុង​ចាប់​អារម្មណ៍​ចង់​បង្កើត​ភាពយន្ត​ពាក់ព័ន្ធ​នឹង​ល្អាង​ភ្នំ​ថាមហ្លួង​នេះ។

លោក Waller បាន​ប្រាប់​បន្ត​ថា កំណែ​ដំបូង​នៃ​ភាពយន្ត​បាន​បញ្ចប់​រួច​រាល់ ហើយ​ការ​កសាង​ទីតាំង​ថត​នឹង​ចាប់​ផ្ដើម​នៅ​ខែ​តុលា ឆ្នាំ​២០១៨។ រឿង "Nang Non ឬ​ហៅ​ថា The Cave" នឹង​មាន​តួ​អង្គ​សំខាន់ៗ​ចំនួន ៤ ទៅ ៥​នាក់ ដោយ​ផ្អែក​ទៅ​លើ​ចំនួន​​ជាក់​ស្ដែង​នៃ​​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​ថៃ និង​អន្តរជាតិ​នៅ​ក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ​នៅ​ល្អាង​ភ្នំ​ថាមហ្លួង។ ចំណែក​ប្លង់​ថត​ត្រូវ​លោក Waller ស្នើ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​រួច​រាល់​ហើយ ដោយ​ក្នុង​នោះ​​ក៏​បាន​រាប់​បញ្ចូល​ទាំង​​ទីតាំង​ពិត​មួយ​ចំនួន​នៃ​ល្អាង​ភ្នំ​ថាមហ្លួង​ផង​ដែរ។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក Waller បាន​ធ្វើ​ការ​សម្ភាស​​មួយ​ជាមួយ​លោក Jim Warny ដែល​ជា​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ មាន​សញ្ជាតិ​អៀរឡង់។ លោក Jim Warny ជា​អ្នក​ជ្រមុជ​ទឹក​មួយ​រូប ដែល​យក​លោក Ekkapol Chanthawong គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​ដែល​បាត់​ខ្លួន ចេញ​ពី​ល្អាង​ភ្នំ​នៅ​ថ្ងៃ​ចុង​ក្រោយ​គេ​នៃ​ប្រតិបត្តិការ​សង្គ្រោះ។ លោក Jim Warny ត្រូវ​​បាន​សារព័ត៌មាន​អៀរឡង់​ចាត់​ទុក​ជា​វីរបុរស​មួយ​រូប។ បទពិសោធន៍​របស់​លោក Jim នឹង​បង្កើត​ជា​សាច់រឿង​សំខាន់​​មួយ​នៅ​ក្នុង​រឿង​របស់​លោក Waller។

ទាក់ទង​នឹង​កញ្ចប់​ថវិកា​នៃ​ការ​ផលិត​រឿង និង​តួ​អង្គ​ថត លោក Waller មិន​បាន​បង្ហើប​ឲ្យ​ដឹង​នោះ​ទេ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ ឈាង.

;