គ្រោះ​ធម្មជាតិ​ឆក់​យក​ជីវិត​ពលរដ្ឋ​កម្ពុជា​ជាង ១០០​នាក់ ក្នុង​រយៈពេល​៨​ខែ​ដើម​ឆ្នាំ​២០១៨

  • 2018-09-11 07:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រយៈពេល​៨​ខែ ដើមឆ្នាំ​២០១៨ គ្រោះធម្មជាតិ បានសម្លាប់​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​១៣៨​នាក់ និង ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥៣​ម៉ឺន​នាក់​ផ្សេងទៀត ត្រូវបាន​រងគ្រោះ​។ គ្រោះធម្មជាតិ​ទាំងនោះ​មានដូចជា ខ្យល់​កន្ត្រាក់ រន្ទះបាញ់ និង ទឹកជំនន់​ជាដើម​។ នេះ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​គូសបញ្ជាក់ថា រយៈពេល​៨​ខែ ដើមឆ្នាំ​២០១៨​នេះ គ្រោះមហន្តរាយ បាន​កើតឡើង​ខុសប្លែក​ពី​ឆ្នាំមុនៗ ពោលគឺ បញ្ហា​ធម្មជាតិ​មានដូចជា​៖ ខ្យល់​កន្ត្រាក់​បាន​កើតឡើង រហូតដល់​១៦៦​លើក សម្លាប់​មនុស្ស​ចំនួន​៦​នាក់ រន្ទះបាញ់​បានសម្លាប់​មនុស្ស​ចំនួន​៨៨​នាក់ និង គ្រោះទឹកជំនន់ បានសម្លាប់​មនុស្ស​៤៤​នាក់​។​

ចំពោះ​គ្រោះទឹកជំនន់ ក្នុង​របាយការណ៍​បានឱ្យដឹងថា មាន​ចំនួន​ពលរដ្ឋ​រងគ្រោះ មាន​ប្រមាណ​ជាង​១២​ម៉ឺន​គ្រួសារ ស្មើនឹង​ចំនួន​មនុស្ស​ប្រមាណ​ជាង​៥២​ម៉ឺន​នាក់ ហើយ​ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស ជាង​១​ម៉ឺន​គ្រូ​សារ ស្មើនឹង​មនុស្ស​ចំនួន​៥​ម៉ឺន​នាក់។​

​ដោយឡែក​ដំណាំ​ស្រូវ ប៉ះពាល់​ប្រមាណ​ជាង​៨​ម៉ឺន​ហិកតា ខូចខាត​ជាង​៣​ម៉ឺន​ហិកតា​។ ចំពោះ​ដំណាំ​រួមផ្សំ​ប៉ះពាល់​ជាង​១​ម៉ឺន​ហិកតា ខូចខាត​ប្រមាណ​ជាង​៥​ពាន់​ហិកតា និង ផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ​ជាង ១​ម៉ឺន គីឡូម៉ែត្រ។​

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​អះអាងថា ករណី​នៃ​គ្រោះទឹកជំនន់ បានចាប់ផ្តើម​តាំងពី​ក្រោយ​ចូលឆ្នាំ​ខ្មែរ​មក រហូតដល់​ជិត​យុទ្ធនាការ​បោះឆ្នោត ហើយក៏​កើតមាន នូវ​ជំនន់​ទឹកភ្លៀង​ប៉ែក​ខាងលិច ប្រទេស​ដូចជា​៖ ខេត្ត​បាត់ដំបង​, ខេត្ត​បន្ទាយមានជ័យ​, ខេត្ត​ប៉ៃលិន និង ខេត្តកំពង់ស្ពឺ​ជាដើម​។ រីឯ​ខេត្ត​តាម​មាត់សមុទ្រ​មាន ខេត្ត​ព្រះសីហនុ​, ខេត្ត​កោះកុង និង ខេត្ត​កំពត ក៏​រង​នូវ​ផលប៉ះពាល់​ពី​ទឹកជំនន់​ផងដែរ​។​

​ក្នុង​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​សង្កត់ធ្ងន់ថា គិត​ចាប់ពី​ថ្ងៃទី​១០ កញ្ញា​នេះ រហូតដល់​ថ្ងៃ​ភ្ជុំ​បិណ្ឌ បើ​មិនមាន​ព្យុះ ឬ​សម្ពាធ​ផ្សេងៗ​កើតឡើង​ទេ កម្ពុជា​នឹង​ទទួលបាន​សុវត្ថិភាព​។ តែ​ផ្ទុយទៅវិញ ប្រសិនបើ​មាន​ព្យុះ ឬ​សម្ពាធ​ផ្សេងៗ កើតឡើង នោះ​ទឹក​អាច​ឡើង​ម្តងទៀត ដូច្នេះ​ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន និង តាមដាន​យកចិត្តទុកដាក់​ខ្ពស់បំផុត​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ ឈាង.

;