អាមេរិក ស្កាត់​ជាប់​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​២​គ្រឿង នៅ​ក្បែរ​រដ្ឋ Alaska

  • 2018-09-13 02:23:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ចម្បាំង​អាមេរិក​ចំនួន​២​គ្រឿង​ម៉ាក F-22 បាន​ហោះ​ស្កាត់​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​២​គ្រឿង​ម៉ាក TU-95 កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​បញ្ជាការដ្ឋាន​ការពារ​ដែន​អាកាស​អាមេរិក​ខាង​ជើង។

យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​ TU-95 (រូបភាព៖​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី)
បើ​តាម​ប្រភព​ដដែល បញ្ជាក់​ថា ការ​ហោះ​ស្កាត់​នេះ ធ្វើ​ឡើង​ក្រោយ​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​បាន​ចូល​ដល់​តំបន់​អត្តសញ្ញាណ​ការពារ​ដែន​អាកាស​អាមេរិក ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៣២០​គីឡូ​ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​រដ្ឋ Alaska។ យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី ដែល​មក​ក្បែរ​រដ្ឋ Alaska ត្រូវ​ហោះ​អម​ដំណើរ​ដោយ​យន្តហោះ​ចម្បាំង​រុស្ស៊ី SU-35 ចំនួន ២​គ្រឿង​ផង​ដែរ។ យ៉ាង​ណា​មិញ យន្តហោះ​ចម្បាំង​នោះ​ស្ថិត​នៅ​ក្នុង​ដែន​អាកាស​អន្តរជាតិ ដោយ​មិន​បាន​ចូល​ដល់​ដែន​អាកាស​អាមេរិក ឬ​កាណាដា​នោះ​ទេ គឺ​ហោះ​ចូល​តែ​យន្តហោះ​ទម្លាក់​គ្រាប់បែក​២​គ្រឿង។

សូម​ជម្រាប​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​យន្តហោះ​ចម្បាំង​អាមេរិក F-22 បាន​ស្កាត់​ជាប់​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​ពី​ឆ្នេរ​សមុទ្រ​រដ្ឋ Alaska គិត​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៨។ កាល​ពី​ថ្ងៃ​ទី​១ កញ្ញា អាមេរិក​បាន​ស្កាត់​យន្តហោះ​ទម្លាក់​គ្រាប់បែក Tu-95s របស់​រុស្ស៊ី ប៉ុន្តែ​កាល​នោះ​មិន​មាន​ការ​អម​ដំណើរ​ដោយ​យន្តហោះ​ចម្បាំង​ដូច​លើក​នេះ​ឡើយ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;