ត្រាំ បើក​ភ្លើង​ខៀវ​ឲ្យ​យកពន្ធ​លើ​ទំនិញ​ចិន ២០០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត

  • 2018-09-15 06:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ​កាល​ពី​ថ្ងៃ​ទី១៤​កញ្ញា​ថា បាន​សម្រេច​យក​​ពន្ធ​លើ​ទំនិញ​ចិន ចំនួន ២០០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Bloomberg, Fox News និង Reuters។

កំពង់ផែមួយ នៅចិន (រូបថត៖ Reuters)
ការ​សម្រេច​របស់​លោក ត្រាំ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក​ជួប​ជាមួយ លោក Steven Mnuchin រដ្ឋមន្ត្រី​រតនាគារ​អាមេរិក លោក Wilbur Ross រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក Robert Lighthizer តំណាំង​ពាណិជ្ជកម្ម​អាមេរិក។

បញ្ជា​របស់​លោក ត្រាំ គឺ​បន្ទាប់ពី​លោក Mnuchin មាន​គម្រោង​ចរចា​ជាមួយ​ភាគី​ចិន ដើម្បី​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​។ កន្លងមក អាមេរិក​បាន​ដំឡើង​ពន្ធ ២៥% លើ​ទំនិញ​ចិន ដែល​ស្មើ​នឹង ៥០ពាន់​លាន​ដុល្លារ​អាមេរិក​រួច​ទៅ​ហើយ​។

លោក ត្រាំ ប្រកាស​ថា នឹង​អនុវត្ត​ការ​ទណ្ឌកម្ម​លើ​ទំនិញ​ចិន ២០០​ពាន់​លាន​ដុល្លារ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ តែ​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ជាក់លាក់​នោះ​ទេ។

សូម​រំឭក​ថា អាមេរិក បាន​នាំចូល​ទំនិញ​ពី​ប្រទេស​ចិន ប្រមាណ​ជា ៥០៥ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ២០១៧។ ចាប់ពី​ដើម​ឆ្នាំ រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០១៨ អាមេរិក​នាំចូល​ទំនិញ​ចិន កើន​ឡើង ៩% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​៕

ប្រភព៖ Channelnewsasia | RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;