ក្រុង​ប៉េកាំង ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ទំនិញ​អាមេរិក ៦០​ពាន់​លាន​ដុល្លារ

  • 2018-09-19 06:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ក្រុង​វ៉ាស៊ីនតោន ដោយ​យក​ពន្ធ​លើ​ទំនិញ​ដែល​នាំចូល​ពី​អាមេរិក​ចំនួន ៦០​ពាន់​លាន​ដុល្លារ​។ ការ​សម្រេច​នេះ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​អាមេរិក បាន​ដាក់​ចេញ​យន្តការ​យក​ពន្ធ​លើ​ទំនិញ​ដែល​នាំចូល​ពី​ចិន ចំនួន ២០០​ពាន់​លាន​ដុល្លារ កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨។

រថយន្តកុងតឺន័រ បើកចេញពីកំពង់ផែទឹកជ្រៅ Yangshan នៅក្រុងសៀងហៃ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០១៨ (រូបថត៖ Reuters)
ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ចិន បាន​ឲ្យដឹង​ថា ចិន​គ្មាន​ជម្រើស​នោះ​ទេ គឺ​មានតែ​យក​ពន្ធ​លើ​ទំនិញ​អាមេរិក​វិញ។ ទំនិញ​នាំចូល​ពី​អាមេរិក​ជាង ៥ពាន់​ប្រភេទ នឹង​ត្រូវ​យក​ពន្ធ​ចាប់ពី ៥% ទៅ ១០% ។

ការ​សម្រេច​នេះ នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ពោល​គឺ​ដូចគ្នា​នឹង​កាល​បរិច្ឆេទ​ដែល​អាមេរិក សម្រេច​យក​ពន្ធ​លើ​ទំនិញ​ចិន ២០០ពាន់​លាន​ដុល្លារ​។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ បាន​គំរាម​ថា ប្រសិនបើ​ចិន​ចាត់​វិធានការ​ប្រឆាំង​នឹង​កសិករ ឬ​ឧស្សាហកម្ម​អាមេរិក លោក​នឹង​យក​ពន្ធ​លើ​ទំនិញ​ចិន ២៦៧ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត៕

អត្ថបទទាក់ទង អាមេរិក យក​ពន្ធ​លើ​ទំនិញ​ចិន ២០០​ពាន់​លាន​ដុល្លារ

ប្រភព៖ Reuters ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;