ភ្លើងស្តុប​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ដំឡើង​ជិត​គ្រប់​ចំនួន​ហើយ

  • 2018-09-23 06:59:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យដឹង​នៅព្រឹ​កថ្ងៃទី​២៣ កញ្ញា​ថា ភ្លើងស្តុបថ្មី​ចំនួន ១១៥ ដែលជា​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA នោះ ពេលនេះ ត្រូវ​បាន​ដំឡើង និង​ដាក់​ឲ្យ​ដំណើរការ​បាន​ចំនួន ១០៥​ហើយ។ ចំណែក​នៅសល់​ចំនួន ១០ស្តុប​ទៀត ត្រូវបាន​ដំឡើង​បង្គោល និង​លាប​គំនូស​ចរាចរណ៍​រួចរាល់​ហើយ​ដែរ នៅសល់តែ​ការ​តភ្ជាប់ និង​ដាក់ឲ្យ​ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះ។ នេះបើតាម​ការចុះផ្សាយរបស់​វិបសាយ​ក្រសួង​ព័ត៌មាន។

លោក​បន្ត​ថា កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ ក្រុម​ការងារ បាន​ដំឡើង និង​ដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ថ្មី​ដែល​មាន​បំពាក់​កាមេរ៉ា​នេះ ចំនួន​៤​ទីតាំង គឺ​ទី១. ចំណុច​ប្រសព្វ​រវាង​មហាវិថី​ព្រះសីហនុ និង​មហាវិថី​សុធារស ទី២. ចំណុច ប្រសព្វ​រវាង​ផ្លូវលេខ ៣៣៧ និង​ផ្លូវលេខ ៥៦៦ ទី៣. ចំណុច​ប្រសព្វ​រវាង​ផ្លូវលេខ ២៧១ និង​ផ្លូវលេខ ២០០២ និងទី៤. ចំណុច​ប្រសព្វ​រវាង​ផ្លូវជាតិ​លេខ៤ និង​ផ្លូវ​រោងចក្រ QMI។

ភ្លើងស្តុបមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ
បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មានភ្លើង​ស្តុប​សរុប​ចំនួន ១៦០​ទីតាំង ដែល​កំពុង​ដំណើរការ​រាល់ថ្ងៃ ដើម្បី​ជួយ​សម្រួល​ដល់ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ ជាពិសេស​កាត់បន្ថយ​បានច្រើន​នូវ​បញ្ហា​កកស្ទះ​ចរាចរណ៍។ ចំពោះ​ការ​ដាក់ឲ្យ​ដំណើរការ​ភ្លើងស្តុប​ប្រភេទថ្មី​នេះ មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ក៏គ្រោង​ផលិត​ស្ពត​វីឌីអូ ដើម្បី​ពន្យល់​ពី​របៀប​ប្រើប្រាស់​ផងដែរ ព្រោះភ្លើង​ស្តុបថ្មី​នេះ មាន​លក្ខណៈ​ទំនើប​ពិសេស ខុសប្លែក​ពី​ភ្លើង​ស្តុប​ចាស់។ លោក សាំ ពិសិដ្ឋ បញ្ជាក់​បន្ថែម។

លោក​ប្រធាន​មន្ទីរ ឲ្យដឹង​ទៀត​ថា នៅ​សប្តាហ៍​ក្រោយ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ដាក់ឲ្យ​ដំណើរការ​ភ្លើងស្តុប​ចំនួន ៣ទីតាំង នៅ​កំណាត់ផ្លូវ​ជាតិលេខ១ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ចំណោម​គម្រោង​ចំនួន៦ ដែលត្រូវ​ដាក់​បន្តបន្ទាប់គ្នា​ ខណៈ​បច្ចុប្បន្ន កំណាត់​ផ្លូវនេះ មាន​តែភ្លើងស្តុប​មួយ​ប៉ុណ្ណោះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;