ជប៉ុន​គ្រោង​កែច្នៃ​សំរាម​នៅ​ស្វាយរៀង​ឲ្យ​ក្លាយ​ជា​គ្រឿង​សំណង់ និង​សង្ហារិម

  • 2018-09-24 08:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ជប៉ុន មាន​គម្រោង​សាងសង់​រោងចក្រ​កែច្នៃ​សំរាម​ទៅ​ជា​គ្រឿង​សំណង់ និង​សង្ហារិម​ក្នុង​ទឹក​ដី​ខេត្ត​ស្វាយរៀង នៃ​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​កិច្ច​ពិភាក្សា​ការងារ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​រវាង​លោក ម៉ែន វិបុល អភិបាល​ខេត្ត​ស្វាយរៀង ជាមួយ​លោក YUSUKE OKUMUR នាយក​ក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD របស់​ជប៉ុន និង​លោក YASUHARA តំណាង​អង្គការ JICA។

គួរ​ជម្រាប​ថា សព្វ​ថ្ងៃ​នេះ សំរាម​នៅ​ក្រុង​បាវិត មាន​ការ​កើន​ឡើង​ជា​លំដាប់​ប្រមាណ​ពី ១២០ ទៅ ១៧០​តោន​ក្នុង​១​ថ្ងៃៗ ខណៈ​ដែល​ពី​មុន​មាន​ត្រឹម​តែ ៧០ ទៅ ៩០​តោន​ប៉ុណ្ណោះ។ នេះ​បើ​យោង​​តាម​របាយការណ៍​ពី​ក្រុមហ៊ុន​ហាយប្រីដ ដែល​កំពុង​ប្រតិបត្តិការ​ប្រមូល​សំរាម​នៅ​ទីប្រជុំជន​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

តំណាង​ក្រុមហ៊ុន​ហាយប្រីដ​មួយ​រូប បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​លោក​មាន​រថយន្ត​ដឹក​សំរាម​ចំនួន ១៩​គ្រឿង និង​កម្មករ​ជិត ៥០​នាក់។ លោក​បន្ត​ថា បើ​មាន​ក្រុមហ៊ុន​កែច្នៃ​សំរាម​មក​វិនិយោគ​នោះ ក្រុមហ៊ុន​លោក​នឹង​ស្វាគមន៍​ជា​និច្ច ព្រោះ​រាល់​ថ្ងៃ​ខណៈ​ដែល​ដឹក​សំរាម​ដល់​ទីលាន​ចាក់​សំរាម ក្រុមហ៊ុន​លោក​ត្រូវ​ចំណាយ​ថវិកា​ជួល​កម្មករ​ឲ្យ​ដុត​សំរាម​ចោល​ថែម​ទៀត៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;