«វេទិកា​បូ​អាវ​សម្រាប់​អាស៊ី» ជា​ឱកាស​កម្ពុជា​ទាញ​យក​វិនិយោគិន​ពី​ចិន​កាន់តែ​ច្រើន

  • 2018-09-28 01:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​បង្ហាញ​ជំនឿ​ថា «វេទិកា​បូ​អាវ​សម្រាប់​អាស៊ី» នឹង​ផ្ដល់​កាលានុវត្តនភាព​ធំធេង​សម្រាប់​កម្ពុជា ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​កាន់តែ​ច្រើន​ពី​ប្រទេស​ចិន និង​ជា​ស្ពាន​សម្រាប់​តភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅ​ក្នុង​តំបន់ ដើម្បី​​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ។

វេទិកា​បូ​អាវ​សម្រាប់​អាស៊ី-សន្និសីទ​ភ្នំពេញ (រូបភាព៖ ក្រសួង​ពាណិជ្ជក​ម្ម)
ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី ធ្វើ​ឡើង​នា​ឱកាស​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​បើក​វេទិកា​បូអាវ​សម្រាប់​សន្និសីទ​អាស៊ី-ភ្នំពេញ ក្រោម​ប្រធានបទ «រួមគ្នា​ដើម្បី​ការ​អភិវឌ្ឍ និង​ឈ្នះ-ឈ្នះ ៖ ប្រឹងប្រែង​ទាំងអស់​គ្នា​ដើម្បី​នាំ​មក​នូវ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចិន-កម្ពុជា ក្នុង​សម័យ​កាល​ថ្មី» ដែល​រៀបចំ​ឡើង​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ​ភូគីត្រា កាល​ពី​រាត្រី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨។ នៅ​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បាន​លើកឡើង​ពី​គោលបំណង​រួម​នៃ​វេទិកា​បូអាវ​សម្រាប់​អាស៊ី និង​គំនិត​ផ្ដួចផ្ដើម​ថ្មី​របស់​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន ដែល​បាន​ស្នើឱ្យ​ពង្រីក​ការ​បើកចំហ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​ រវាង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី ដែល​នឹង​ក្លាយ​ជា​ឱកាស​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​សមាជិក​ដទៃ​ទៀត។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ថ្លែង​នៅ​ក្នុង​ «វេទិកា​បូ​អាវ​សម្រាប់​អាស៊ី» (រូបភាព៖ ក្រសួង​ពាណិជ្ជក​ម្ម)

លោក​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​២៩ ដែល​បាន​ព្រមព្រៀង​បង្កើត​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី កម្ពុជា​គឺ​ជា​ប្រទេស​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង «ផ្លូវ​១ ខ្សែ​ក្រវាត់​១» និង​មាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ជាង​គេ​នៅ​អាស៊ី។ ទន្ទឹម​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ដល់​តំណាង​វិស័យ​ឯកជន​កម្ពុជា និង​សហគ្រាស-ក្រុមហ៊ុន​ប្រទេស​ចិន ក៏​ដូច​ជា​បណ្ដា​ប្រទេស​សមាជិក​នៃ​វេទិកា​បូ​អាវ ប្រើប្រាស់​ឱកាស​ជួបជុំ​គ្នា​ថ្ងៃ​នេះ ដើម្បី​បន្ត​វប្បធម៌​សន្ទនា និង​ចែក​រំលែក ព្រម​ទាំង​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ ដើម្បី​ផល​ប្រយោជន៍​រួម​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​ក្នុង​សកល​លោក។

សូម​ជម្រាប​ថា វេទិកា​បូអាវ​សម្រាប់​អាស៊ី (BFA) គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្ដរជាតិ មិន​ស្វែង​រកប្រាក់​ចំណេញ ដែល​មាន​កាល​បរិច្ឆេទ​រៀប​ចំ​សន្និសីទ​ច្បាស់​លាស់ និង​មាន​ទីស្នាក់ការ​អចិន្ត្រៃយ៍​នៅ​ទីក្រុង​បូអាវ ខេត្ត​ហៃណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន។ វេទិកា​នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៨ ដោយ​លោក Fidel V. Ramos អតីត​ប្រធានាធិបតី​ហ្វីលីពីន, លោក Bob Hawke អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​លោក Morihiro Hosokawa អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន និង​មាន​ការ​គាំទ្រ​ពី​លោក ហ៊ូ ជីនតាវ អតីត​ប្រធានាធិបតី​ចិន។ វេទិកា​នេះ ត្រូវ​បាន​បើកសម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០០១ ហើយ​បាន​ផ្តល់​ឱកាស​ដល់​ប្រមុខ​រដ្ឋាភិបាល ថ្នាក់​ដឹកនាំ​វិស័យ​ឧស្សាហកម្ម និង​ធុរកិច្ច និង​បញ្ញាវន្ត​ក្នុង​ទ្វីប​អាស៊ី និង​ទ្វីប​ដទៃ​ទៀត ធ្វើការ​សន្ទនា​គ្នា ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ សំដៅ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​រួម តាម​រយៈ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច ទៅ​ក្នុង​តំបន់ និង​ពិភពលោក៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;