កម្ពុជា ខកចិត្ត​ចំពោះ​ការ​សម្រេច​របស់ EU ជុំវិញ​ដំណើរការ​ដកការ​អនុគ្រោះ​ពន្ធ

  • 2018-10-11 03:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្តែង​នូវការ​ខកចិត្ត​ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប EU ក្នុងការ​ដាក់​ចេញ​នូវ​ដំណើរការ​នីតិ​វិធី​ជាផ្លូវការ​សម្រាប់​ការ​ដក​ជា​បណ្តោះអាសន្ន​នូវការ​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី "គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ (EBA)"។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​១០ ខែ​តុលា និង​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១១តុលា ២០១៨​នេះ។

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុក​ការ​សម្រេច​ចិត្តនេះថា​ជាភាព​អយុត្តិធម៌​បំផុត ដោយ​លើកឡើង​ថា សហភាព​អឺរ៉ុប បាន​បដិសេធ​ដោយ​ចំហរ​អំពី​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ដែល​ប្រទេស​កម្ពុជា​សម្រេច​បាន។

សេចក្តីថ្លែងការណ៍​ដដែល​នេះ បន្ត​ថា «រាជរដ្ឋាភិបាល​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការចោទ​ប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ដោយ​ឈរលើ​មូលដ្ឋាន​នៃ​របាយការណ៍​បេសកកម្ម​របស់​សហភាព​អឺរ៉ុប កាលពីខែ​កក្កដា​កន្លងទៅ។ រាជ​រដ្ឋាភិបាល​មាន​ការ​ខក​ចិត្ត​ចំពោះ​កង្វះ​តម្លាភាព​របស់​សហភាព​អឺរ៉ុប ដែលមិន​បាន​បង្ហាញ​នូវ​ខ្លឹមសារ​នៃ​របាយការណ៍​នោះ ដែល​សហភាពអឺរ៉ុប​បាន​យកធ្វើ​ជា​មូលដ្ឋាន​នៃ​សេចក្តី​សម្រេច​ចិត្ត​លំអៀង​របស់​ខ្លួន»។

ប្រតិកម្ម​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​លោកស្រី Federica Morgherini តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប ទទួល​បន្ទុក​គោល​នយោបាយ​ការបរទេស និង​សន្តិសុខ និង​លោកស្រី Celcillia Malmstrom ស្នងការ​អឺរ៉ុប​សម្រាប់​ពាណិជ្ជកម្ម បានធ្វើ​លិខិត​រួមគ្នា​អំពី​ការ​សម្រេច​ខាងលើ​នេះ ផ្ញើជូន​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃទី​៤​តុលា ២០១៨។

សហភាព​អឺរ៉ុប​គូស​បញ្ជាក់​ថា ចំណាត់​ការ​នេះ គឺ​ដោយសារតែ​ពុំ​មាន​ការ​កែប្រែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងមក​នេះ។

ផ្អែក​តាម​បទ​បទបញ្ញត្តិ របស់​សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប ក្រោយ​ស្នងការ​អឺរ៉ុប ជូនដំណឹង​ទៅ​ប្រទេស​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អំពី​ការអនុវត្ត​នីតិវិធី​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ស្នងការ​អឺរ៉ុប​នឹង​ធ្វើ​ការ​តាមដាន និង​វាយតម្លៃ​ស្ថានភាព​ក្នុង​ប្រទេស​ទទួល​អត្ថប្រយោជន៍​រយៈពេល ៦​ខែ​ទៀត ចាប់ពី​ពេល​ជូនដំណឹង​នេះ។ ក្នុង​រយៈពេល ៦​ខែ​បន្ទាប់​ពី​ចប់​រយៈពេល​ខាងដើម​នេះ ស្នងការ​អឺរ៉ុប នឹង​ធ្វើ​សេចក្ដីសម្រេចចិត្ត ថា​តើ​គួរ​បញ្ឈប់​នីតិវិធី​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន​នេះ ឬ ធ្វើការ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន នេះ​តែម្ដង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;