៩ខែ ឆ្នាំ២០១៨ ទុន​វិនិយោគ​វិស័យ​សំណង់​មាន​ជិត​៥​ពាន់​លាន​ដុល្លារ

  • 2018-10-17 07:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ថ្នាក់​ជាតិ និង​រាជធានី​ខេត្ត បាន​ផ្ដល់​លិខិត​អនុញ្ញាត សាង​សង់ សរុប ២៥៤១​គម្រោង មាន​ផ្ទៃ​ក្រឡា​សរុប​ជាង ១០​លាន​ម៉ែត្រ​ការ៉េ ហើយ​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ប្រមាណ ៤៨២០​លាន​ដុល្លារ។ ការ​វិវឌ្ឍ​វិស័យ​សំណង់​រយៈពេល ៩​ខែ​កន្លង​មក​នេះ បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ បន្ទាប់​ពី​វិស័យ​​ឧស្សាហកម្ម​ កសិកម្ម ទេសចរណ៍។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម៉ោង​ជាង១១​ព្រឹក ថ្ងៃ​ទី​១៧ ខែ​តុលា នៅ​ទីស្ដីការ​ក្រសួង។

លោក​បន្ត​ថា នៅ​ក្នុង​រយៈពេល ៩​ខែ​នេះ​ដែរ ក៏​មាន​ការ​វិនិយោគ​របស់​វិស័យ​ឯកជន​មក​ពី បរទេស​ចំនួន ៣៣​គម្រោង ផ្ទៃ​ក្រឡា​សំណង់​ជាង ១​លាន​ម៉ែត្រ​ការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ជាង ៤៨៤​លាន​ដុល្លារ។ ហើយ​ក្នុង​រយៈពេល​៩​ខែ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​បញ្ជី​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និង​សាងសង់ នៅ​មាន​សុពលភាព ១០៧០​ក្រុមហ៊ុន ក្នុង​នោះ​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ មាន​៤២​ក្រុមហ៊ុន , ក្រុមហ៊ុន​សាងសង់​មាន​១០២៨​ក្រុមហ៊ុន។ ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ មក​ពី​បរទេស​ដែល​នៅ​មាន​សុពលភាព​នៅ​ឡើយ មាន​ចំនួន​៣៦៦​ក្រុមហ៊ុន។ ក្រសួង​ក៏​បាន​ចុះ​បញ្ជី​រូបវន្ត​បុគ្គល​សិក្សា​គម្រោង​ប្លង់​ស្ថាបត្យកម្ម ក៏​ដូច​ជា​ប្លង់​គ្រឿង​ផ្គុំ​សំណង់ ដែល​មាន​ចំនួន​១៤០​នាក់។ នៅ​ក្នុង​នោះ​មាន​ស្ថាបត្យករ​ចំនួន​៨៦​រូប ក្នុង​នោះ​មាន​ជន​បរទេស ៣​រូប និង​មាន​វិស្វករ ៤៦​រូប និង​មាន​បរទេស​១​រូប។

លោក ឡៅ ទិព្វសីហា បាន​បញ្ជាក់​ថា គិត​ចាប់​ពី​ឆ្នាំ​២០១៤ រហូត​មក​ដល់​៩​ខែ ឆ្នាំ​២០១៨​នេះ គណៈ​ស្ថាបត្យករ​កម្ពុជា បាន​ចុះ​បញ្ជី​សវនករ​បាន​ចំនួន​៧១៣​រូប។ ដោយ​ឡែក​រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ គណៈ​ស្ថាបត្យករ​កម្ពុជា បាន​ដំណើរការ​ចុះ​បញ្ជី​បាន​៥៧​រូប និង​មាន​បរទេស​ចំនួន​២​រូប។

លោក​បន្ត​ថា ចំពោះ​សំណង់​បុរី​លំនៅឋាន និង​សំណង់​អគារ​ខ្ពស់ៗ ក្នុង​រយៈពេល​៩​ខែ​នេះ គឺ​មាន​បុរី​លំនៅឋាន ចំនួន​សរុប​៤១​ទីតាំង។ ហើយ​គិត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​បុរី​លំនៅឋាន ឬក៏​លំនៅឋាន​លក្ខណៈ​បុរី មាន​ចំនួន​២២៨​ទីតាំង និង​មាន​អ្នក​ស្នាក់​នៅ​ពី ៦៥ ទៅ៧៥% ដែល​បាន​ស្នាក់នៅ​ក្នុង​បុរី​លំនៅឋាន។ ចំពោះ​អគារ​ខ្ពស់ៗ​ចាប់​ពី​៥​ជាន់ មាន​៩២​អគារ។ ហើយ​គិត​ចាប់​ពី​ឆ្នាំ​២០០៥​មក​ដល់​ពេល​ច្ចុប្បន្ន​នេះ នៅ​រាជធានី​ភ្នំពេញ មាន​អគារ​ខ្ពស់​ពី​៥​ជាន់​ឡើង​ទៅ​មាន​ចំនួន ១០៨៤​អគារ។

លោក ឡៅ ទិព្វសីហា បាន​អះអាង​ថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៨ វិស័យ​សំណង់ និង​អចលនទ្រព្យ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង និង​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;