វៀតណាម នឹង​តាមដាន​រាល់​សារ​ទាំង​អស់​លើ​បណ្ដាញ​សង្គម

  • 2018-11-02 06:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Nguyen Manh Hung រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ដែល​ទើបតែងតាំង​ថ្មី របស់​វៀតណាម បាន​ប្រាប់​សភា​របស់​ខ្លួន កាលពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៨​ថា “វៀតណាម​នឹង​បង្កើត​និយមន័យ​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​រៀបចំ​ឧបករណ៍​តាមដាន និង​វិភាគ​សារ​លើ​បណ្ដាញ​សង្គម”។

លោក Nguyen Manh Hung រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​វៀតណាម/ រូបភាព៖​ VnExpress
លោក​បញ្ជាក់​ថា ក្រសួង​ព័ត៌មាន និង​ទំនាក់ទំនង ជា​ជំហាន​ដំបូង បង្កើត​មជ្ឈមណ្ឌល​ជាតិ​មួយ ដែល​អាច​អាន វិភាគ វាយតម្លៃ និង​បែងបែក ១០០​លាន​សារ​ក្នុង​មួយ​ថ្ងៃ។ ក្រៅពីនេះ អាជ្ញាធរ​នឹង​បង្កើត​ឧបករណ៍​ដើម្បី​ដក​មាតិកា​ដែល​រំលោភ​បទប្បញ្ញត្តិ និង​បង្កើន​ការ​ខិតខំ​ជំរុញ​ឲ្យ​បណ្ដាញ​សង្គម​អន្តរជាតិ​អនុវត្ត​តាម​ច្បាប់​វៀតណាម ជាពិសេស​ជាមួយ​នឹង​ការ​ស្នើសុំ​ឲ្យ​ដក​មាតិកា។

លោក​បន្ត​ថា “យើង​អាច​រៀនសូត្រ​ពី​បទពិសោធន៍​អន្តរជាតិ ដូចជា​មធ្យោបាយ​ដែល​សហភាព​អឺរ៉ុប និង​ប្រទេស​អាស៊ាន​បាន​ធ្វើ​កន្លង​មក”។ ជាង​នេះ​ទៅ​ទៀត លោក​ថា វៀតណាម​ត្រូវតែ​ពង្រឹង​នីតិរដ្ឋ និង​ពិន័យ​លើ​មនុស្ស​ដែល​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​លើ​អនឡាញ។

សូមបញ្ជាក់​ថា លោក Nguyen Manh Hung អំឡុង​ជំនួប​ជាមួយ​លោក Nguyen Xuan Phuc កាលពី​ខែ​កញ្ញា ២០១៨ កន្លង​ទៅ លោក​បាន​ស្នើ​ឲ្យ​មាន​វិធានការ​តឹងរឹង​ដើម្បី​គ្រប់គ្រង​បណ្ដាញ​សង្គម​នៅ​ក្នុង​ប្រទេស​វៀតណាម៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;