គម្រោង​រថភ្លើង​ល្បឿន​លឿន​របស់​វៀតណាម ជួប​ឧបសគ្គ​

  • 2018-11-14 07:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ប្រឹក្សា​ដែល​ទទួលបន្ទុក​សិក្សា​គម្រោង​រថភ្លើង​ល្បឿន​លឿន ដែល​តភ្ជាប់​ពី​ក្រុង​ហាណូយ ទៅ​កាន់​ក្រុង​ហូជីមិញ បាន​បង្ហើប​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បញ្ហា​តម្លៃ និង​ផល​ត្រឡប់​យឺតយ៉ាវ​ពី​ការ​វិនិយោគ (រួចដើម) គឺ​ជា​ផល​លំបាក​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ។ នេះបើ​យោង​តាម​វេបសាយ Viet Nam Express ចុះផ្សាយ​នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ។

រថភ្លើងវៀតណាម ដែលបច្ចុប្បន្នមានល្បឿនត្រឹមតែ ៧០គីឡូម៉ែត្រក្នុង១ម៉ោង។ រូបថត៖ Vietnam News Agency
គម្រោង​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​ជាង ៥៨ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រុម​ប្រឹក្សា​ដែល​មាន​សមាជិក​ពី​ក្រុមហ៊ុន​សាងសង់​ក្នុង​ស្រុក​ចំនួន៣ បាន​លើកឡើង​ពី​ជម្រើស​ចំនួន​ ៣៖ ទី១- រដ្ឋាភិបាល​វៀតណាម ត្រូវ​ចំណាយ​ទាំងស្រុង​លើ​គម្រោង​នេះ។ ទី​២- ​រដ្ឋ ត្រូវ​ចំណាយ បូក​រួមទាំង​កម្ចី​ជំនួយ​អភិវឌ្ឍន៍ (ODA) និង​ទី៣- រដ្ឋ​ត្រូវ​ចំណាយ ៨០% ហើយ​ ២០% ទៀត​នៃ​គម្រោង ត្រូវ​ស្វែងរក​ពី​អ្នក​វិនិយោគ​ផ្សេងៗ​។

យោង​តាម​ក្រសួង​ដឹកជញ្ជូន​វៀតណាម គម្រោង​រថភ្លើង​ល្បឿន​លឿន ហាណូយ-ហូជីមិញ ត្រូវ​ការ​ថវិកា​បន្ថែម​ទៀត​ សម្រាប់​ប្រតិបត្តិការ​រយៈ​ពេល ១០ឆ្នាំ​ដំបូង។ ប្រភព​បន្ត​ថា អ្នក​វិនិយោគ​ក្នុង​ស្រុក គ្មាន​លទ្ធភាព​រ៉ាប់រង​តម្លៃ​សាងសង់​នោះ​ទេ ខណៈ​អ្នក​វិនិយោគ​បរទេស មាន​ការ​ស្ទាក់ស្ទើរ ដោយសារតែ​ពួកគេ​ត្រូវ​ការ​រយៈ​ពេល​វែង ទម្រាំ​អាច​រួច​ថ្លៃ​ដើម​វិនិយោគ​។

របាយការណ៍​ស្ដីពី​ការ​សិក្សា​គម្រោង​រថភ្លើង​ល្បឿន​លឿន​របស់​ក្រុម​ប្រឹក្សា​នេះ នឹង​ត្រូវ​ដាក់​ជូន​រដ្ឋសភា​វៀតណាម សម្រេច​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៩​ខាងមុខ​នេះ។ បើ​ជោគជ័យ ការ​សាងសង់​នឹង​ចាប់ផ្ដើម​នៅ​ក្នុង​ឆ្នាំ​២០២៤ ហើយ​សាក​ល្បង​នៅ​ឆ្នាំ​២០២៨ និង​ដាក់​ឲ្យ​ដំណើរការ​ជាផ្លូវការ នៅ​ក្នុង​ឆ្នាំ​២០៣០។

ផ្លូវ​ដែក​នេះ ចែក​ជា ៣​កំណាត់ គឺ​កំណាត់​ទី១ ផ្លូវដែក​ដែល​រត់​ពី​ក្រុង​ហាណូយ ទៅ​ក្រុង Vinh ក្នុង​ខេត្ត Nghe An ប្រវែង ២៨៥​គីឡូម៉ែត្រ និង​កំណាត់​ទី២ ពី​ក្រុង Nha Trang ទៅ​ក្រុង​ហូជីមិញ ប្រវែង ៣៦៤​គីឡូម៉ែត្រ គ្រោង​នឹង​ចំណាយ​ថវិកា​ជាង ២៤ពាន់​លាន​ដុល្លារ។ ការ​សាងសង់​កំណាត់​ផ្លូវដែក​ទាំង២​នេះ មាន​រយៈពេល ១០ឆ្នាំ ពី​ឆ្នាំ ២០២០ ដល់ ២០៣០។ ចំណែក​កំណាត់​ទី៣ ជា​ផ្លូវដែក​ដែល​វែង​ជាងគេ​ចាប់ពី​ក្រុង Vinh ទៅក្រុង Nha Trang ប្រវែង ៨៩៦​គីឡូម៉ែត្រ។ កាលបរិច្ឆេទ​នៃការ​សាងសង់​កំណាត់​ផ្លូវ​ដែក​នេះ មិនទាន់​ត្រូវបាន​កំណត់​ឡើយ។

ក្រុមហ៊ុន​វៀតណាម​ដដែល​នេះ អះអាង​ថា រថភ្លើង​ល្បឿនលឿន​នេះ នឹង​ទាក់ទាញ​អ្នក​ដំណើរ​ខ្លាំង​បំផុត ប្រសិន​បើ​រថភ្លើង​អាច​រត់​ក្នុង​ល្បឿន ៣៥០​គីឡូម៉ែត្រ​ក្នុង​១ម៉ោង (ស្មើនឹង​រថភ្លើង​ជប៉ុន)។ ល្បឿន​នេះ អាចជួយ​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​ពីក្រុង​ហាណូយ ទៅ​ហូជីមិញ បាន​យ៉ាងច្រើន ពោលគឺ​កាត់បន្ថយ​ពី ៣០ម៉ោង​នាពេល​បច្ចុប្បន្ន មកនៅ​ត្រឹម ៤,៥ម៉ោងតែ​ប៉ុណ្ណោះ។ បើធ្វើ​ដំណើរ​តាម​យន្តហោះ​គឺ​ចំណាយ​ពេល ១​ម៉ោង ៤០​នាទី៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;