ក្រសួង​ទេសចរណ៍ ចេញ​ផែនការ​ដើម្បី​ពន្យារ​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​

  • 2018-11-29 03:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងទេសចរណ៍ ​កំពុង​រៀបចំ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ ស្ដីពី​ការ​បង្កើត​ និង​គ្រប់គ្រង់​តំបន់​ទេសចរណ៍​ពិសេស​ ដើម្បី​ទាក់ទាញ​និង​ពន្យារ​ការ​ស្នាក់នៅ​របស់​ភ្ញៀវ​ទេសចរ​។ នេះ​បើយោង​តាម​ការ​បញ្ជាក់​ពី​លោក ទិត្យ ចន្ថា រដ្ឋលេខាធិការ​ក្រសួង ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។

ទេសចរ ២នាក់ កំពុងជិះទូកកាយ៉ាក់
លោក ទិត ចន្ថា បាន​បង្ហាញ​ពី គោលដៅ​នៃ​ការ​បង្កើត​តំបន់​ទេសចរណ៍​ពិសេស​នេះ គឺ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ថ្មីៗ ក្នុង​ការ​ទាក់ទាញ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​ផ្តល់​ឱកាស​ការងារ​បង្កើត​ឱកាស​មុខរបរ ប្រាក់ចំណូល ពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ ការ​ពន្យារ​ពេល​ស្នាក់នៅ​របស់​ទេសចរ ទាក់ទាញ​វិនិយោគ ជាពិសេស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​។

លោក​បន្ត​ថា តំបន់​នេះ គឺ​ផ្តោត​ជា​សំខាន់​លើ​ការ​ជំរុញ​កិច្ច​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន ក្នុង​ក្របខណ្ឌ​សេដ្ឋកិច្ច​-​សង្គម​ទាំងមូល ហើយក៏​ដើម្បី​ប្រែក្លាយ​តំបន់​ដែល​មាន​សក្ដានុពល​ទេសចរណ៍ ទៅជា​តំបន់​វេសនដ្ឋាន​ទេសចរណ៍ ឬ​តំបន់​ទេសចរណ៍​ពិសេស ដែល​ជា​បណ្តុំ​ផលិតផល​សម្បទា សេវាកម្ម​ទេសចរណ៍ និង​សេវាកម្ម​គាំទ្រ​ទេសចរណ៍​ដទៃ​ទៀត​។

លោក​អះអាង​ទៀត​ថា កម្ពុជា​បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​ពឹងផ្អែក​ភាគច្រើន​លើ​សក្ដានុពល​វប្បធម៌ ទោះបីជា​វិស័យ​ទេសចរណ៍​កំពុង​ស្ថិត​ក្នុង​កំណើន​ជាង ១០% ក្នុង​មួយឆ្នាំៗ ដែល​ជា​មោទនភាព​សម្រាប់​កម្ពុជា​ក៏ដោយ ប៉ុន្តែ​វិស័យ​នេះ អាច​នឹង​ថយ​ចុះ​មកវិញ ប្រសិនបើ​កម្ពុជា​មិនបាន​បង្កើត​នូវ​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែម​ទៀត ទេ​នោះ​។

លោក​ថា ទស្សនវិស័យ​របស់​រា​ជ​រដ្ឋាភិបាល គឺ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ប្រមាណ ៣០​លាន​នាក់ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នៅ​អំឡុង​ឆ្នាំ​២០៣០​។ ដូច្នេះ កម្ពុជា​មិន​អាច​ពឹងផ្អែក​ទាំងស្រុង​លើ​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ​ដូច​សព្វថ្ងៃ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ខិតខំ​រៀបចំ​បង្កើត​ឲ្យ​មាន​ផលិត​ជំនាញ​ទេសចរណ៍​ថ្មីៗ គឺ​ទេសចរណ៍​កែច្នៃ ដើម្បី​បំពេញ​បន្ថែម​លើ​សក្ដានុពល​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ​។

លោក ទិត្យ ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដឹកនាំសិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ (រូប៖ ក្រសួងទេសចរណ៍)

​គួរ​ជម្រាប​ថា រយៈ​ពេល​១០​ខែ ឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៤,៩​លាន ក្នុង​កំណើន​ប្រមាណ ១១% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។ ទន្ទឹម​នោះ ក៏​មានការ​រំពឹង​ថា ពេញ​មួយ​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៦​លាន​នាក់ ហើយ​ទេសចរ​ជាតិ​ប្រមាណ ១០​លាន​នាក់ ក្នុង​កំណើន​ជាង ១០% បើ​ប្រៀបធៀប​ឆ្នាំមុន​ផង​ដែរ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;