កីឡា​ការិនី​​ខ្មែរ-អាមេរិក​ ឯម សុវណ្ណា​​ តាំង​ចិត្ត​ផ្តួល​ដៃ​គូ​ឲ្យ​លឿនបំផុតនៅសង្វៀន ONE

  • 2018-12-05 06:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

កីឡា​ការិនី​ខ្មែរ-អាមេរិកាំង ឯម​ សុវណ្ណា​ ​​នឹង​ត្រូវ​ឡើង​សង្វៀន​ ONE Championship នា​ថ្ងៃ​សុក្រ​ ទី​៧​ ខែ​ធ្នូ ​ខាង​មុខ​នេះ​ ដោយ​ត្រូវ​ជួប​កីឡា​ការិនី​អ៊ុយក្រែន​​ Iryna Kyselova នៅ​ទី​ក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។

​កីឡា​ការិនី វ័យ​២៦​ឆ្នាំ​រូបនេះ ​បាន​ហ្វឹក​ហាត់​​យូរ​ហើយ​ ត្រៀម​ខ្លួន​ឡើង​សង្វៀន​ក្នុង​ឆន្ទៈ​​បង្ហាញ​​​អ្នក​ទស្សនា​​បាន​ឃើញ​ពី​សមត្ថភាព​របស់​នាង​លើ​ឆាក​អន្តរជាតិ។ នាង​និយាយ​ថា​៖ «ចិត្ត​និង​កាយ​ ខ្ញុំ​ត្រៀម​រួច​រាល់​ហើយ​។ ខ្ញុំ​ទន្ទឹង​ចាំ​តែ​ឲ្យ​ដល់​​ឆាប់ៗ»។

​សុវណ្ណា​ បាន​ហ្វឹក​ហាត់​ជា​មួយ​គ្រូ​បង្វឹក​ផ្ទាល់​ខ្លួន​យ៉ាង​សកម្ម​​ដើម្បី​ត្រៀម​យក​ជ័យជម្នះ​លើ​កីឡា​ការិនី​​អ៊ុយក្រែន​សម្រាប់​​បង្កើត​កំណត់​ត្រា​របស់​ខ្លួន​ឲ្យ​បាន។ កន្លងមក​ កីឡា​ការិនី​ខ្មែរ-អាមេរិកាំង​រូប​នេះ​ ​ធ្លាប់​ប្រកួត២ដង (​ឈ្នះ​ទាំង ២​ដង)។ ប្រកួត​ទី​១​នាង​បាន​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​​ដោយ​ប្រើ​ពេល​ ១៨​វិនាទី​​ក្នុង​ទឹក​ទី​១​ និង​ប្រកួត​​លើក​ទី​​ប្រើ​ពេល​​ ៧៩​វិនាទី​​ ក្នុងទឹកទី១ដូចគ្នា។

សម្រាប់​ការ​ប្រកួត​ខាង​មុខ​នេះ​នាង​ជឿ​ជាក់​លើ​ខ្លួន​ឯង​ខ្លាំង​ដោយ​សារ​បាន​ហ្វឹក​ហាត់​ជា​មួយ​លោក​ Justen​ Hamilton​ ​ដែល​គ្រូ​​ចំបាប់​ជឺជីតស៊ូ​របស់​ប្រេស៊ីល​ ជើង​ឯក​ខ្សែក្រវាត់​​នៃ​កម្មវិធី​ Fight​ Science​ MMA​ នៅ​ទី​ក្រុង​ឡូស អេនជឺឡេស​ សហរដ្ឋអាមេរិក។

កីឡា​ការិនី​ខ្មែរ-អាមេរិកាំង ឯម​ សុវណ្ណា កំពុង​ហ្វឹកហាត់ត្រៀមការប្រកួត (Twitter)

«យើង​ហាត់​ជា​មួយ​គ្នា​បាន​ល្អ​ណាស់​ ដោយ​សារ​គាត់​មិន​ត្រូវ​បង្ហាត់​កីឡា​ការិនី​ដទៃ​ទេ​ អ៊ីចឹង​គាត់​អាច​យក​ចិត្ត​ទុក​ដាក់​ច្រើន​​សម្រាប់​បង្ហាត់​ខ្ញុំ។ ពីរ​បី​ខែ​ចុង​ក្រោយ​នេះ​ ខ្ញុំ​រីក​ចម្រើន​បាន​ច្រើន​។ ការ​ប្រកួត​មួយ​នេះ​ គឺ​ជា​ឱកាស​ធំ​មែន​ទែន​ មិន​មែន​តែ​សម្រាប់​ខ្ញុំ​ម្នាក់​ទេ​ តែ​ក៏​សម្រាប់​គាត់​ដែរ។ ពីរ​នាក់​យើង​រំភើប​ខ្លាំង​ណាស់»។

ឯម​ សុវណ្ណា​ មាន​ជំនឿ​​ថា​ ចំនុច​ខ្លាំង​របស់​ខ្លួន​គឺ​ពូកែ​ខាង​​កណ្តាប់​ដៃ​​ចំ​ៗ​ ប៉ុន្តែ​យ៉ាង​ណា​មិញ​នាង​​បាន​ព្យាយាម​ហ្វឹក​ហាត់​គ្រប់​ស្នៀត​ទាំង​ការ​វ៉ៃ​ឈរ​ និង​​ផ្នែក​ក្រោម​។ ​​កីឡា​ការិនី​ខ្មែរ​-​អាមេរិក​ ចង់​ផ្តួល​ដៃ​គូ​ម្នាក់​នេះ​ឲ្យ​បាន​លឿន​ដូច​ដែល​នាង​ធ្លាប់​ផ្តួល​ដៃ​មុនៗ​ ប៉ុន្តែ​នាង​​សម្លឹង​​ឃើញ​​ថា​ ប៉ះ​កីឡាករ​អ៊ុយក្រែន​ម្នាក់​នេះ​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ពី​ពោះ​កីឡា​ការិនី​​អ៊ុយក្រែន​ម្នាក់​​នេះ​ជា​​​ជើង​ឯក​ Europe West Fight Champion និង​មាន​កំណត់​ត្រា​ផ្តួល​ដៃ​គូ​បាន​ច្រើន។

កីឡា​ការិនី​ខ្មែរ-អាមេរិក​បញ្ជាក់​ថា ប្រសិន​បើ​​ស្ថានភាព​មិន​អាច​ដូច​ការ​រំពឹង​ទុក​ទេ​ នាង​នឹង​វ៉ៃ​រហូត​ដល់​ទឹក​ទី​៣។ សុណ្ណា​​ថា ៖«គ្រូ​បង្វឹក​ខ្ញុំ​បាន​​សិក្សា​វីដេអូ​របស់​​ដៃ​គូ​ខ្ញុំ ហើយ​ដឹង​របៀប​គេ​វ៉ៃ​អស់​ហើយ»។

សូមបញ្ជាក់ថា ក្រៅពី សុវណ្ណា ក៏មានកីឡាករ​កម្ពុជា​ម្នាក់ទៀត ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ គឺ​ជើងខ្លាំង​គុនខ្មែរ ចាន់ រតនា ​ត្រូវ​ត​ទល់​នឹង​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី ​ដែល​មាន​ប្រវត្តិ​ប្រកួត​មិន​ធ្លាប់​ចាញ់​៕

ចុចអាន៖ ទស្សនា​ទិដ្ឋភាព ចាន់ រតនា ហ្វឹកហាត់ត្រៀម​ប្រកួត​នៅ ONE Championship


ប្រភព៖ Sabay News ប្រែ​សម្រួល៖ សុខ សុវត្ថិ