សម្តេច ហ៊ុន សែន ចេញទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេសឡាវ នាព្រឹក​នេះ

  • 2018-12-05 01:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែធ្នូ ឆ្នាំ២០១៨ នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ចាប់ពីថ្ងៃទី៥ ដល់ ៦ ខែ​ធ្នូ ២០១៨។ នេះ​បើតាម​ហ្វេសប៊ុកផេកសម្ដេច ហ៊ុន សែន។

សម្ដេច ហ៊ុន សែន ជួបពិភាក្សា​ជាមួយ​លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ កាលពី​ខែ​សីហា ឆ្នាំ​២០១៧/ រូបភាព៖ Press OCM
ក្នុងអំឡុងពេល​ទស្សនកិច្ច សម្តេច​នាយករដ្ឋមន្រ្តី នឹងចូលជួប​សម្តែងការ​គួរសម ដាច់ដោយ​ឡែក​ពី​គ្នា ជាមួយ​លោក ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith) ប្រធាន​រដ្ឋ​ឡាវ និង​លោកស្រី ប៉ានី យ៉ាថទូ (Pany Yathotou) ប្រធាន​រដ្ឋសភា​ជាតិ​ឡាវ។

សម្តេច​នាយករដ្ឋមន្រ្តី​ក៏នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក ថងលូន ស៊ីសូលីត (Thongloun Sisoulith) ដើម្បី​ពិភាក្សា​រិះរកលទ្ធភាព​ក្នុង​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែល​មាន​ស្រាប់ ដើម្បី​នាំមកនូវ​ផលប្រយោជន៍​ពិតប្រាកដ​សម្រាប់​ប្រជាជន​នៃ​ប្រទេសទាំងពីរ ក៏ដូចជា​ផ្លាស់ប្តូរយោបល់​លើ​បញ្ហាតំបន់ និង​អន្តរជាតិ ដែលជាកង្វល់រួម និងផលប្រយោជន៍​ទៅវិញ​ទៅមក​ផងដែរ។

នៅក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ​នោះ សម្តេច​នាយករដ្ឋមន្រ្តី ក៏នឹង​អញ្ជើញ​ដាក់កម្រងផ្កា នៅ​ស្តូបអនុស្សាវរីយ៍​វីរៈយុទ្ធជន​ពលី​ផងដែរ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;